(យូអិន)៖ អូស្រ្តាលី និងទីម័រខាងកើត (Timor-Leste) ទីបំផុតបានចុះហត្ថលេខា លើសន្ធិសញ្ញាបែងចែកព្រំដែនផ្លូវសមុទ្រ រវាងប្រទេសទាំងពីរ នៅក្រោមការទទួលស្គាល់ ពីអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
សន្ធិសញ្ញាខាងលើ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ជូលី បីស្សប (Julie Bishop) និងលោក អឺហ្គាស្តូ ខាប្រល ភើរ៉ីរ៉ា (Augusto Cabral Pereira) ដែលជារដ្ឋមន្រ្តីទទួលបន្ទុកលើការបោះព្រំដែន នៃការិយាល័យនាយករដ្ឋមន្រ្តីទីម័រខាងកើត នៅឯទីស្នាក់របស់ការកណ្តាលយូអិន ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ក្រោមវត្តមានរបស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres)។
គួរជម្រាបថា ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការខណ្ឌចែកព្រំដែននេះ គឺជាការបញ្ចប់បញ្ហាវិវាទផ្លូវសមុទ្រ ដែលបានអូសបន្លាយប្រមាណមួយទសវត្សរ៍មកហើយ រវាងអូស្រ្តាលី និងទីម័រខាងកើត ហើយប្រមុខដឹកនាំយូអិន បានលើកឡើងថា ទង្វើនេះបានឆ្លុះបញ្ចាំងឲ្យឃើញ ពីឥទ្ធិពលនៃច្បាប់អន្តរជាតិ ព្រមទាំងប្រសិទ្ធភាព នៃការដោះស្រាយជម្លោះដោយសន្តិវិធី៕