(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ហ្គារី ខូន (Gary Cohn) បានស្នើសុំលាលែងចេញពីតំណែងហើយ ខណៈមានការលេចលឺព័ត៌មានជាច្រើនថា លោកមិនសប្បាយចំពោះគំរោងតម្លើងពន្ធលើការនំាចូលដែក និងអាលុយមីញ៉ូមរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
លោក Gary Cohn មានអាយុ ៥៧ឆ្នាំ និងជាមន្ត្រីបម្រើការនៅធនាគារជើងចាស់មួយរូបមកពី Wall Street បានបម្រើការងារជា ទីប្រឹក្សាសន្តិសុខសេដ្ឋកិច្ចរបស់ លោក ដូណាល់ ត្រាំ ចាប់តាំងតែពីការចាប់ផ្ដើមរដ្ឋបាល របស់ប្រធានាធិបតីអាមេរិករូបនេះមកម្ល៉េះ។
បើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន ចេញផ្សាយកាលពីថ្ងៃអង្គារ លោក Cohn ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងមានកិត្តិយសបំផុត ដែលខ្ញុំបានបម្រើការងារជូនប្រទេសជាតិរបស់ខ្ញុំ និងបានអនុម័តគោលនយោបាយសេដ្ឋកិច្ច ដែលផ្ដល់ផលចំណេញដល់ប្រជាជនអាមេរិក ជាពិសេស គឺការធ្វើកំណែទម្រង់ពន្ធដារផងដែរ»។
គួរបញ្ជាក់ថា លោក Gary Cohn មិនបានបញ្ជាក់ជាក់លាក់ពីមូលហេតុ នៃការលាលែងតំណែងឡើយ ប៉ុន្តែបើតាមព័ត៌មាន នៅក្នុងស្រុកជាច្រើន ការលាលែងពីតំណែង អាចមានជាប់ពាក់ព័ន្ធនឹងគំរោងតម្លើងពន្ធ លើការនំាចូលដែក និងអាលុយមីញ៉ូមរបស់លោក ត្រាំ។ មិនតែប៉ុណ្ណោះបើគេចាំមិនភ្លេច ទំនាក់ទំនងរវាងលោក និងលោក ត្រាំ ក៏មិនសូវជាល្អណាស់ណាដែរ ជាក់ ស្ដែងកាលពីខែសីហា ឆ្នាំ២០១៧ លោក Cohn បានរិះគន់យ៉ាងខ្លាំងលើ លោក ដូណាល់ ត្រាំ ចំពោះប្រតិកម្មរបស់លោក ជុំវិញការរើសអើងជាតិសាសន៍នៅក្នុងទីក្រុង Charlottesville នៃរដ្ឋ Virginia៕