(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានអះអាងថា កូរ៉េខាងជើង បានបង្ហាញពីបំណងចង់ជួបចរចា ជាមួយសហរដ្ឋអាមេរិក លើបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺកូរ៉េខាងជើងនឹងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បើសិនជាសន្តិសុខរបស់ខ្លួនត្រូវបានធានា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong ជាទីប្រឹក្សាសន្តិសុខជាតិ និងជាបេសកជនពិសេស របស់លោក មូន ជែអ៊ីន បាននិយាយថា កូរ៉េខាងជើងបានបង្ហាញពីបំណងចង់ជួបចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង ការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ទៀតផង។ លោក Chung Eui-yong បានត្រឡប់ទៅកាន់ កូរ៉េខាងត្បូងវិញនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីជួបជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ។
គួររំលឹកថា បើគេចាំមិនភេ្លចទេ កូរ៉េខាងជើង ធ្លាប់អះអាងថាខ្លួននឹងមិនយកសំណុំរឿងនុយក្លេអ៊ែរ ដាក់លើតុចរចាជាមួយ សហរដ្ឋអាមេរិកជាដាច់ខាតព្រោះថាវាគ្រាន់តែជាវិធានការការពារខ្លួនពីការឈ្លានពានណាមួយពីទីក្រុងវ៉ាស៊ីនតោន តែប៉ុណ្ណោះ៕