(សេអ៊ូល)៖ នៅទីបំផុតរដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នាម្ដងទៀតនៅខែមេសាខាងមុខនេះ។ នេះបើតាមទីប្រឹក្សាសន្តិសុខកំពូល របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

យោងតាមទីប្រឹក្សាសន្តិសុខកំពូល និងជាបេសកជនពិសេសរបស់លោក មូន ជែអ៊ីន គឺលោក Chung Eui-yong ជំនួបលើកទីបីរវាងកូរ៉េទាំងពីរ នឹងត្រូវប្រព្រឹត្តទៅនៅខែមេសាខាងមុខនេះ នៅឯភូមិ Panmunjeom ស្ថិតនៅក្នុងតំបន់គ្មានយោធានៃព្រំដែនអន្តរកូរ៉េ។ បន្ថែមពីលើនេះលោកក៏បានអះអាងពីគោលជំហររបស់កូរ៉េខាងត្បូងនោះគឺដោះស្រាយការលុបបំបាត់ អាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា លោក Chung Eui-yong ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយស្ដីពីលទ្ធផលនៃជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយដែលជំនួបបែបនេះ មិនដែលកើតមានឡើយក្នុងរយៈពេលច្រើនជាងមួយទសវត្សរ៍មកនេះ៕