(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានអះអាងថា កូរ៉េខាងជើងបានសន្យាថានឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬក៏អាវុធគីមីប្រឆាំងនឹងទីក្រុងសេអ៊ូលនោះទេ ហើយព្រមពេលជាមួយគ្នា កូរ៉េទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការបង្កើត Hot Line សម្រាប់ទំនាក់ទំនងគ្នារវាងមេដឹកនាំទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេបន្តិចនាថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
ការព្រមព្រៀងគ្នានេះធ្វើឡើង នៅក្នុងពេលដែលបេសកជនពិសេសកូរ៉េខាងត្បូង កំពុងបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅក្នុងទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត បើតាមទីក្រុងសេអ៊ូល កូរ៉េទាំងពីរនឹងជួបសន្ទនាគ្នាជាថ្មីម្ដងទៀតនៅឯ តំបន់គ្មានយោធាស្ថិតក្នុងភូមិ Panmunjeom នៃព្រំដែនអន្តរកូរ៉េ នៅខែមេសាខាងមុខនេះ។ ប៉ុន្តែខែមេសា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានគំរោងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលសមយុទ្ធត្រូវបានទីក្រុងព្យុងយ៉ាង ចាត់ទុកថាជា សកម្មភាពត្រៀមឈ្លានពានកូរ៉េខាងជើង៕