(សេអ៊ូល)៖ ក្រុមបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានវិលត្រឡប់មកដល់ទឹកដីកំណើតវិញហើយ នាល្ងាចនេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសកូរ៉េខាងជើង ក្នុងនាមជាតំណាងជាន់ខ្ពស់របស់ លោក មូន ជែអ៊ីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
បើតាមឃ្លីបវីដេអូនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក របស់កូរ៉េខាងត្បូង យន្តហោះដឹកគណៈប្រតិភូពិសេស ដែលមានសមាជិកសរុបចំនួន ១០រូបនេះ បានចុះមកដល់ចំណតអាកាសយានដ្ឋានមួយកន្លែង នៅក្នុងទីក្រុងសឹងណាំ (Seongnam) ក្បែររដ្ឋធានីសេអ៊ូលហើយ កាលពីវេលាម៉ោងប្រមាណ ០៦៖០០នាទីល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)។
នៅក្នុងឱកាសធ្វើដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្រុមបេសកជនពិសេសកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិរបស់ លោក មូន ជែអ៊ីន បានចូលជួបពិភាក្សា ក៏ដូចជាពិសារអាហារពេលល្ងាចជាមួយប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ក្នុងរយៈពេលដល់ទៅជាង ០៤ម៉ោង នៅឯរដ្ឋធានីព្យុងយ៉ាង កាលពីយប់ថ្ងៃចន្ទម្សិលមិញ។
បន្ទាប់ពីមកដល់កូរ៉េខាងត្បូងវិញ គណៈប្រតិភូខាងលើ បានបន្តដំណើរទៅកាន់វិមានប្រធានាធិបតី Blue House នៅឯទីក្រុងសេអ៊ូល ដើម្បីរាយការណ៍អំពីលទ្ធផល នៃដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង ជូនដល់លោក មូន ជែអ៊ីន ហើយវិមាន Blue House ត្រូវគេរាយការណ៍ថា បានគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានខ្លីមួយ នៅយប់ថ្ងៃអង្គារនេះ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានឈានដល់កិច្ចព្រមព្រៀងដ៏ប្រសើរមួយ ជាមួយក្រុមបេសកជនពិសេសសកូរ៉េខាងត្បូង ជុំវិញគម្រោងនៃការចង់បើកកិច្ចប្រជុំកំពូលរវាងរូបលោក និងលោក មូន។
ដោយឡែក ក្រុមបេសកជនពិសេសកូរ៉េខាងត្បូងនេះ ក៏ត្រូវគេអះអាងថា បានរៀបចំគម្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកផងដែរ នៅក្នុងសប្តាហ៍នេះ ដើម្បីជម្រាបឲ្យភាគីទីក្រុងវ៉ាស៊ីនតោន បានដឹងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ខ្លួន នៅព្យុងយ៉ាង ក៏ដូចជាដើម្បីព្យាយាមរៀបចំកិច្ចសន្ទនាមួយ រវាងកូរ៉េខាងជើង និងអាមេរិក៕