(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកស្វាគមន៍ ចំពោះការផ្ដល់ជំនួយមនុស្សធម៌របស់ UN ទៅកាន់ប្រជាជនស៊ីរីក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលត្រូវបានឡោមព័ទ្ធចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧មក។ ក៏ប៉ុន្តែទន្ទឹមគ្នាកងកម្លាំងរដ្ឋាភិបាលស៊ីរី បែរជាលួចជំនួយមនុស្សធម៌នេះទៅវិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌួហ្សារិច (Stephane Dujarric) បានបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកផ្ដល់ជំនួយបានផ្ដល់ជំនួយជាស្បៀងអាហារ ទៅដល់ប្រជាជនស៊ីរីរងគ្រោះជាង ២៧,៥០០នាក់ នៅក្នុងតំបន់ Ghouta ភាគខាងកើត ស្ថិតនៅជាយទីក្រុងដាម៉ាស់ ប៉ុន្តែជុំវិញការផ្ដល់ជំនួយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើ ណត (Heather Nauert) បែរជាចោទប្រកាន់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានលួចជំនួយមនុស្សធម៌នេះទៅវិញ។
លោកស្រី បានលើកឡើងនៅលើ បណ្ដាញ Twitter នៅថ្ងៃអង្គារនេះដូច្នេះថា «យើងស្វាគមន៍ការផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនស៊ីរី ប៉ុន្តែយើងបាន ទទួលសេចក្ដីរាយការណ៍ថា របបដឹកនាំស៊ីរីបានលួចយកជំនួយមនុស្សធម៌ទាំងនេះ ក្នុងនោះរួមមានទាំងថ្នាំពេទ្យ និងគ្រឿង ផ្គត់ផ្គង់នានា។ ស៊ីរី និងរុស្ស៊ី អាច ឬត្រូវតែបញ្ឈប់ទង្វើបែបនេះ»។
គួរបញ្ជាក់ថា តំបន់ Ghouta ភាគខាងកើត ត្រូវបានក្រុមឧទ្ទាមស៊ីរីដណ្ដើមគ្រប់គ្រងកាលពីឆ្នាំ២០១២ ហើយបើតាមទីក្រុងដាម៉ាស់ ក្រុមសកម្មប្រយុទ្ធ ១០,០០០នាក់ ដល់១២,០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់មួយនេះ៕