(ញូដេលី)៖ ក្រុមមន្ត្រីឥណ្ឌានៅថ្ងៃអង្គារនេះបានឱ្យដឹងថា កងទ័ពជើងទឹកឥណ្ឌា បានចាប់ផ្ដើមទទួលស្វាគមន៍ ការជួបជុំប្រចាំឆ្នាំនៃកងទ័ពជើងទឹក មកពីបណ្ដាប្រទេសដទៃ ដើម្បីចូលរួមធ្វើសមយុទ្ធរួមគ្នា ក្រោមឈ្មោះ Milan 2018 in Andaman and Nicobar islands។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីឥណ្ឌា សមយុទ្ធធ្វើឡើងពីរឆ្នាំម្ដងនេះ ប្រពឹត្តទៅនៅឯទីក្រុង Port Blair នៃដែនដីឥណ្ឌា Andaman and Nicobar islands។ «ព្រឹត្តិការណ៍នេះនឹងផ្ដោតសំខាន់លើការធ្វើសមយុទ្ធរួមគ្នា សិក្ខាសិលា ព្រឹត្តិការណ៍សង្គម និងការប្រកួតកីឡាជាដើម ហើយដែលនេះគឺជាឱកាសក្នុងការទទួល និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកក្រោមស្មារតី នៃការធ្វើកិច្ចសហប្រតិបត្តិការ និងយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនង»។ នេះបើតាមសេចក្តីប្រកាសដោយ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា។
គួរបញ្ជាក់ថា សមយុទ្ធខាងលើត្រូវបានធ្វើឡើង តាំងតែពីឆ្នាំ១៩៩៥ មកម្ល៉េះ ដោយមាន ១៦ប្រទេស ចូលរួមនៅក្នុងសមយុទ្ធក្នុងឆ្នាំនេះ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទៅ១៣ ខែមីនា ឆ្នាំ២០១៨៕