​(ប្រេស៊ីល)៖​ ប្រទេស​ប្រេស៊ីល បានដាក់ពាក្យ​តវ៉ាទៅកាន់​អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បីសម្ដែង​ការប្រឆាំង​ជំទាស់ ទៅនឹងគំរោងតម្លើង​ថ្លៃពន្ធនាំចូលផលិតផល​ដែក និងអាលុយមីញ៉ូម ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងស្នើឱ្យ​សេតវិមាន​ពិចារណា​ឡើងវិញ​ ចំពោះជំហរដែលកំពុងបង្កភាព​ចម្រូងសម្រាស​បំផុតនេះ។ នេះបើតាម​ការចេញ​ផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

យោងតាម​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃចន្ទ ដោយក្រសួងការបរទេស​ប្រេស៊ីល រដ្ឋាភិបាល​ប្រេស៊ីលបានប្រាប់ អង្គការ WTO ថាប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​កំពុង​មាន​ភាពមិនប្រក្រតី ហើយថា​ស្ថាប័នមួយនេះ​ក៏កំពុងប្រឈមមុខ​នឹងបញ្ហា ប្រឈមជា​ច្រើនផងដែរ ជាពិសេសគឺ​គំនិតគាំពារ​និយម។ សម្រាប់​ប្រេស៊ីល គំនិតគាំពារ​និយម គឺជាមូលហេតុធំនៃ​ការគំរាម​កំហែង​បច្ចុប្បន្ន ខណៈការសម្រេចចិត្ត​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក បានក្លាយ​ជាការគំរាមកំហែង​ថ្មីមួយ។

គួរបញ្ជាក់ថា ការតវ៉ាពីសំណាក់​ប្រេស៊ីល កើតមានឡើង​ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​កាលពីសប្ដាហ៍​មុនថា លោកនឹង​តម្លើងពន្ធ ២៥ភាគរយ លើការនាំ​ចូលដែក និង ១០ភាគរយ លើអាលុយ​មីញ៉ូមពីបណ្ដា​ប្រទេសដទៃ​ មកកាន់​សហរដ្ឋអាមេរិក។ ដោយឡែក បើតាមក្រសួង​ឧស្សហកម្ម​ប្រេស៊ីល គំរោងនេះ​អាចនឹងបង្កការ​ខាតបង់ ៣.១៥ពាន់​លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ​សម្រាប់ឧស្សាហកម្ម​របស់ខ្លួន៕