(ព្រុចសែល)៖ សហភាពអឺរ៉ុប​នាដើម​សប្តាហ៍នេះ បានចេញមុខ​ព្រមានចាត់វិធានការ​តបត តាមរយៈការយកពន្ធ​ពីផលិតផល​ម៉ាក​ល្បីៗ​របស់​សហរដ្ឋអាមេរិក ប្រសិនបើ​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ ពិតជាសម្រេច​ជ្រើសរើស​ការទារពន្ធ ទៅលើផលិត​ផល​ដែកថែប និង​អាលុយមីញ៉ូម​ ដែលនាំចូល​ពីអឺរ៉ុបមែន​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

បើតាម​សហភាពអឺរ៉ុប (EU) លោកស្រី សេលីលា ម៉ាមស្ត្រូម (Cecilia Malmstrom) ដែលជាស្នងការ​ទទួលបន្ទុក​ផ្នែកពាណិជ្ជកម្ម​របស់ EU បានឲ្យដឹងថា​​ ខោ​ខូវ​ប៊យម៉ាក Levi's និងផលិតផល​ស្រាវីស្គី Bourbon របស់​សហរដ្ឋអាមេរិក អាចត្រូវទទួលរង​ការហូតពន្ធនាំ​ចូល​ដល់ទៅ ២៥ភាគ​រយ ហើយម៉ូតូ​របស់​ក្រុមហ៊ុន Harley-Dividson ដែលជាប្រភេទ​ម៉ូតូធំ​ដ៏ល្បីមួយនោះ ក៏ស្ថិតក្នុងបញ្ជី​ព្រាងនៃផលិតផល​អាមេរិក ដែលនឹងត្រូវ​យកពន្ធ​ផងដែរ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក កំពុងគ្រោង​នឹងដាក់ចេញ​នូវ​ចំណាត់ការ​យកពន្ធក្នុង​អត្រា ២៥ភាគរយ ទៅលើការនាំចូល​ផលិតផល​ដែកថែប និង ១០ភាគរយ ទៅលើ​អាលុយមីញ៉ូម៕