រ៉ូបូត Astrobee នឹងត្រូវបញ្ជូនទៅស្ថានីយអវកាស ISS ដើម្បីសម្រួលការងារ នៃក្រុមអវកាសយានិក!
06-03-2018 12:19
(អាមេរិក)៖ រ៉ូបូតដែលអាចហោះហើរដោយខ្លួនឯង មានឈ្មោះថា Astrobee កំពុងត្រូវគេត្រៀមបញ្ជូនទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដែកគ្រោងបាញ់បង្ហោះនៅឆ្នាំ២០១៩ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
រ៉ូបូតអវកាសខាងលើនេះ ដែលជាប្រព័ន្ធដ៏ថ្មីសន្លាងបំផុត ក្រោមការអភិវឌ្ឍនៃគម្រោងស្រាវជ្រាវមានឈ្មោះថា SPHERES របស់ទីភ្នាក់ងារអវកាស NASA មានសមត្ថភាពអាចជួយដល់ក្រុមអវកាសយានិក ក្នុងការងារគ្រប់ប្រភេទ រួមមានតាំងពីការមើលខុសត្រូវ លើផ្នែកគេហកិច្ចនៅលើស្ថានីយ ISS រហូតដល់ការតាមដាន ក៏ដូចជាថែទាំយានអវកាសជាដើម។
គួរជម្រាបថា ការរចនារបស់ Astrobee គឺទទួលឥទ្ធិពលខ្លះៗពីមនុស្សយន្ត នៅក្នុងកម្រងខ្សែភាពយន្តហូលីវូដដ៏ល្បី Star Wars ដ៏ល្បីល្បាញបំផុតកាលពីរាប់ទសវត្សរ៍មុន ហើយវាជួយច្រើន នៅក្នុងការងារ ដែលអវកាសយានិកពិបាក នឹងធ្វើបាន៕