(វ៉ាស៊ីនតោន)៖ ខណៈកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបង្ហាញពីចេតនា ចង់ផ្សះផ្សាទំនាក់ទំនងគ្នាឡើងវិញ សហរដ្ឋអាមេរិក ឯណោះវិញបែរជាប្រកាសដាក់ទណ្ឌកម្មថី្មមួយ ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមី ជាអាវុធសម្លាប់មនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកចោទប្រកាន់កូរ៉េខាងជើង បានប្រើប្រាស់អាវុធគីមី VX សម្លាប់បងប្រុសម្ដាយទីទៃរបស់ លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ។ លើសពីនេះទៅទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ក៏បាននិយាយដែរថា កូរ៉េខាងជើងបានប្រើប្រាស់អាវុធគីមីដោយរំលោភលើ ច្បាប់អន្តជាតិ និងប្រឆាំងនឹងជនរួមជាតិរបស់ខ្លួន (លោក គីម ជុងណាំ)។
តែទោះជាបែបនេះក្ដី មកទល់ពេលនេះ ពុំទាន់មានភស្ដុតាងដែលបញ្ជាក់ថា កូរ៉េខាងជើងប្រើប្រាស់អាវុធគីមីពុល VX សម្លាប់លោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ នោះឡើយ។
គួរបញ្ជាក់ថា បើតាមទណ្ឌកម្មថ្មី សហរដ្ឋអាមេរិកនឹងបញ្ចប់ជំនួយដល់កូរ៉េខាងជើង លើកលែងតែជំនួយមនុស្សធម៌បន្ទាន់ ការកាត់ផ្ដាច់ការលក់អាវុធ និងការបិទខ្ទប់កូរ៉េខាងជើងពីប្រព័ន្ធឥណទាន និងជំនួយហិរញ្ញវត្ថុនានា៕