(ព្យុងយ៉ាង)៖ លោក គីម ជុងអ៊ុន ដែលជាប្រមុខដឹកនាំកំពូលផុតលេខ នៃប្រទេសកូរ៉េខាងជើង បានឈានដល់កិច្ចព្រមព្រៀងដ៏ប្រពៃមួយ ជាមួយបេសកជនពិសេសមកពីទីក្រុងសេអ៊ូល ជុំវិញចេតនារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដែលចង់បើកកិច្ចប្រជុំកំពូលដ៏កម្រមួយ រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
បើតាមប្រភពដដែល ចេតនាដ៏ល្អប្រសើររបស់ប្រធានាធិបតី លោក មូន ជែអ៊ីន ដែលមានបំណងចង់បើកកិច្ចប្រជុំកំពូលមួយនោះ ត្រូវបានពាំនាំដោយបេសកជនពិសេសរបស់កូរ៉េខាងត្បូងទៅជម្រាបផ្ទាល់ដល់ លោក គីម ជុងអ៊ុន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក និងបានឈានដល់កិច្ចព្រមព្រៀងដ៏ប្រពៃមួយ ហើយលោក គីម បានចេញសេចក្តីណែនាំសំខាន់ៗ ទៅកាន់ស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការជាក់ស្តែងសម្រាប់រឿងនេះ។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានទទួលស្វាគមន៍បេសកជនពិសេស ដែលជាតំណាងជាន់ខ្ពស់របស់លោក មូន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និងជាប្រធានការិយាល័យសន្តិសុខជាតិ នៃវិមានប្រធានាធិបតី Blue House នៅប៉ុន្មានម៉ោងក្រោយពីគណៈប្រតិភូ នៃមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានសមាជិកសរុបទាំងអស់ ១០រូប បានធ្វើដំណើរទៅដល់ទឹកដីកូរ៉េខាងជើង កាលពីថ្ងៃចន្ទម្សិលមិញ។
ក្រុមប្រតិភូកូរ៉េខាងត្បូង នឹងវិលត្រឡប់ទៅកាន់រដ្ឋធានីសេអ៊ូលវិញ នារសៀលថ្ងៃអង្គារនេះ មុនបន្តឆ្ពោះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចែករំលែកព័ត៌មាន ស្តីពីកិច្ចពិភាក្សារវាងខ្លួន និងភាគីកូរ៉េខាងជើង ជាមួយក្រុមមន្រ្តីអាមេរិក។ កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកជាភាពវិជ្ជមានធំមួយរួចស្រេចទៅហើយ ទោះបីជាលោក មូន ជែអ៊ីន មិនបានទៅដោយផ្ទាល់ក៏ដោយ ប៉ុន្តែការវិវឌ្ឍស្ថានការណ៍បន្ថែមទៀត នឹងត្រូវរង់ចាំទាល់តែមានកិច្ចពិភាក្សាជាបន្តបន្ទាប់ ទៅតាមអ្វីដែលបានព្រមព្រៀងគ្នារួចទៅហើយ រវាងកូរ៉េទាំងពីរ៕