(វ៉ាស៊ីនតោន)៖ គេហទំព័រអាមេរិក 38 North បានឱ្យដឹងថា យោងតាមសកម្មភាព នៃម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមួយទីតាំង របស់កូរ៉េខាងជើងនាពេលថ្មីៗនេះអាចឲ្យយើងសន្មត់ថា ទីក្រុងព្យុងយ៉ាង បាននិងកំពុងដំណើរការឡើងវិញ នូវការផលិតសារធាតុភ្លុយតូញ៉ូមសម្រាប់ ទ្រទ្រង់កម្មវិធី ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
គេហទំព័រ 38 North ធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើរូបភាពផ្កាយរណប ដែលថតបានកាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែល បង្ហាញថា រ៉េអាក់ទ័រនុយក្លេអ៊ែរ 5 MWe នៅឯមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រកូរ៉េខាងជើង យ៉ុងប្យុន (Yongbyon) ហាក់ដូចជាមានសកម្មភាពឡើងវិញ ក្នុងការចម្រាញ់សារធាតុភ្លុយតូញ៉ូម។
«ការញែកចំហាយទឹក ត្រូវបានសង្កេតតាមរយៈរូបភាពផ្កាយរណប កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ហាក់ដូចជាមានសកម្មភាពនៅឯរ៉េអាក់ទ័រនុយក្លេអ៊ែរ 5 MWe... ហើយបើសិនជារ៉េអាក់ទ័រ នេះដំណើរការឡើងវិញមែននោះវាមានន័យថា កូរ៉េខាងជើងបានដំណើរការឡើងវិញ នូវការផលិតសារធាតុភ្លុយតូញ៉ូម សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន»។
គួរបញ្ជាក់ថា ការសន្និដ្ឋានបែបនេះកាលពីថ្ងៃចន្ទ របស់គេហទំព័រអាមេរិក 38 North កើតមានឡើងនៅចំពេលបេសកជនពិសេសកូរ៉េខាងត្បូង តំណាងប្រធានាធិបតី លោក មូន ជែអ៊ីន បំពេញទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង ខណៈទីក្រុងសេអ៊ូលរំពឹងថា ទស្សនកិច្ចនេះអាចនឹងបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង ត្រឡប់មករកតុចរចាគ្នាវិញ៕