(បាន់ជូល)៖ ក្រសួង​ការបរទេស​ហ្គាំប៊ី បានចេញលិខិត​សុំអភ័យទោស​មួយច្បាប់ ជូនដល់​ប្រទេសថៃ បន្ទាប់ពីរដ្ឋមន្ត្រី​វប្បធម៌ និងទេសចរណ៍​របស់ខ្លួន គឺលោក ហាម៉ាត់ បាហ៍ (Hamat Bah) បានលើកឡើង​ដោយសំដៅទៅដល់​ប្រទេសថៃថា ជាគោលដៅ​​នៃទេសចរណ៍​ផ្លូវភេទ​​នោះ។ នេះបើ​តាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍​ នៃរដ្ឋាភិបាល​​ប្រទេសអាហ្វ្រិក​ខាង​លិចមួយនេះ បានបញ្ជាក់​​ច្បាស់ៗ​​យ៉ាង​ដូច្នេះថា «ប្រទេសហ្គាំប៊ី​ពិតជាសោកស្តាយ នូវការលើកឡើង​ដោយអចេតនា ដែលត្រូវ​បានធ្វើ​ឡើងដោយ​រដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍។ ការលើកឡើង​របស់រដ្ឋមន្ត្រី​រូបនេះ គឺមិនមែន​ជាជំហរពិតប្រាកដ នៃរដ្ឋាភិបាលហ្គាំប៊ី​នោះឡើយ»

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលបានចេញ​ផ្សាយកាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី​ហ្គាំប៊ីខាងលើនេះ បានថ្លែងប្រាប់​ប្រជាជាតិរបស់​លោកថា «យើងមិនមែន​​ជាគោលដៅ នៃទេសចរណ៍​ផ្លូវភេទ​​នោះទេ។ ប្រសិន​បើ​អ្នកចង់​រកគោលដៅ​​​ផ្លូវភេទ អ្នកទៅ​ប្រទេស​​ថៃចុះ»។ ការលើក​ឡើងនេះ បានធ្វើឲ្យ​មានការចាប់​អារម្មណ៍ និងរិះគន់ធ្ងន់ៗ​ពីសំណាក់ប្រជាជនថៃ​ ដែលលេងក្នុងបណ្តាញទំនាក់ទំនងសង្គម ហើយក្រសួង​ការ​​បរទេសថៃ ក៏បានតវ៉ា​ស្វែងរកការ​សុំទោស ពីរដ្ឋាភិបាល​ហ្គាំប៊ីផងដែរ៕