(រ៉ូម)៖ អតីតនាយករដ្ឋ​មន្ត្រីអ៊ីតាលី លោក ម៉ាត់តេអូ រិនហ្ស៊ី (Matteo Renzi) បានសម្រេច​ចិត្តលាលែង​ចេញពីមុខតំណែង​ ជាមេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​គណបក្សមួយនេះ​ បានបរាជ័យក្នុង​ការបោះឆ្នោត​សកល កាល​ពីថ្ងៃអាទិត្យ ដោយទទួល​បាន​សំឡេងគំាទ្រតែ ១៨.៨ភាគរយប៉ុណ្ណោះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

ថ្លែងពីទីស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃចន្ទ អតីតនាយករដ្ឋ​មន្ត្រីវ័យ ៤៣ឆ្នាំ រូបនេះបាននិយាយថា លោកនឹងលាលែង​ពីតំណែង​ជាប្រធានគណបក្ស​ហើយថា សមាជបក្សនឹង​ត្រូវធ្វើឡើង​ដើម្បីជ្រើសរើស​មេដឹក​នាំថ្មី។ «វា ច្បាស់ថា ការបរាជ័យ​បានបង្ខំឱ្យយើង​បើកទំព័រ​នយោបាយ​ថ្មី»។ នេះបើតាម​លោក Matteo Renzi។

គួរបញ្ជាក់ថា លោក Matteo Renzi បានក្លាយ​ជានាយករដ្ឋមន្ត្រី​អ៊ីតាលី​វ័យក្មេង​បំផុត កាលពីឆ្នាំ២០១៤ ក្រោយពីអាច​រក្សាសំឡេងគំាទ្ររបស់​ខ្លួនបាន ៤០ភាគរយ ក្នុងការបោះឆ្នោត​​សភា​អឺរ៉ុប។ ប៉ុន្តែលោក​បានលាលែង​ពីតំណែងក្នុងឆ្នាំ២០១៦ ដោយសារតែ បរាជ័យក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕