(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា រូបលោក ប្រហែលជាអាចធ្វើដំណើរទៅកាន់អ៊ីស្រាអែល ដើម្បីចូលរួមពិធីបើកស្ថានទូតថ្មីរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សេរុយសាឡឹម ខណៈវាគឺជាការរុះរើស្ថានទូតដ៏ចម្រូងចម្រាស ចេញពីទីក្រុងតែលអាវីវ ដែលរដ្ឋបាលលោក ត្រាំ បានកំណត់គោលដៅថា នឹងសម្រេចឲ្យខាងតែបាននៅខែឧសភា ឆ្នាំនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
ការលើកឡើងខាងលើ ត្រូវបានធ្វើឡើងក្នុងការិយាល័យប្រធានាធិបតីអាមេរិក Oval Office ក្នុងសេតវិមាន នាឱកាសនៃកិច្ចជួបពិភាក្សារបស់លោក ដូណាល់ ត្រាំ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានមកបំពេញទស្សនកិច្ច នៅឯរដ្ឋធានីវ៉ាស៊ីនតោន។
គួរជម្រាបថា ការសម្រេចចិត្តដែលបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិ របស់លោក ត្រាំ ក្នុងការផ្លាស់ប្តូរស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានបង្កភាពរាំងស្ទះជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការចាប់ផ្តើមដំណើរការ នៃការស្វែងរកសន្តិភាពឡើងវិញរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានបង្ខំឲ្យថ្នាក់ដឹកនាំប៉ាឡេស្ទីន មិនទទួលស្គាល់អាមេរិក ជាអ្នកសម្រុះសម្រួល នៅក្នុងកិច្ចចរចាអំពីបញ្ហានេះថែមទៀតផង។ ជុំវិញគម្រោងនៃការរុះរើ កាលពីចុងខែមករាកន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រកាសថា ខ្លួនបានរៀបចំពន្លឿនកាលវិភាគសម្រាប់ការផ្លាស់ប្តូរស្ថានទូត មកនៅត្រឹមខែឧសភាខាងមុខនេះតែម្តង៕