(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបានទទួលស្វាគមន៍អាហារពេលល្ងាចសម្រាប់បេសកជនពិសេសរបស់ប្រធានាធិបតី លោក មូន ជែអ៊ីន ដែលទើបតែទៅដល់ទីក្រុងព្យុងយ៉ាង ដើម្បីជជែកពីកិច្ចពិភាក្សារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លី អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងទទួលទាន អាហារពេលល្ងាចជាមួយបេសកជនពិសេសរបស់លោកប្រធានាធិបតី ហើយដែលនេះគឺជាសញ្ញាមួយបង្ហាញថា លោក គីម ជុងអ៊ុន មានបំណងផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង»។ បន្ថែមពីលើនេះ វាគឺជាលើកដំបូងបំផុតដែលលោក គីម ជុងអ៊ុន ជួបជាមួយមន្ត្រីកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូល រំពឹងថា អាចនឹងបញ្ចុះបញ្ចូលឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចា ជាមួយសហរដ្ឋអាមេរិកវិញ។
គួរបញ្ជាក់ថា បើតាមការផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA តំណាងកំពូលរបស់លោក មូន ជែអ៊ីន បានដល់ ទីក្រុងព្យុងយ៉ាង នៅល្ងាចថ្ងៃចន្ទនេះ ដោយធ្វើដំណើរតែរយៈពេលខ្លីប៉ុណ្ណោះ ចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមានសមាជិកសរុប១០នាក់ ដែលនាំដឹកនាំដោយ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង។
ដោយឡែកថ្លែងនៅមុនពេលដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃចន្ទនេះ លោក Chung Eui-yong ក៏បាននិយាយដែរថា លោកនឹងប្រាប់កូរ៉េខាងជើងពីបំណងដ៏ស្មោះត្រង់របស់លោកប្រធានាធិបតី មូន ជែអ៊ីន និងដំណោះស្រាយក្នុងការរក្សាកិច្ចសន្ទនា ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងរវាងកូរ៉េទាំងពីរដែលបានប្រសើរ ដោយសារតែព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីដំណើរការឡើងវិញ នូវកិច្ចសន្ទនាលុបបំបាត់ អាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិក រួមទាំងសហគមន៍អន្តរជាតិ»៕
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះយល់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាចស្ងប់ស្ងាត់បណ្ដោះអាសន្នតែប៉ុណ្ណោះ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅខែមេសាខាងមុខនេះ។ ម្យ៉ាងវិញទៀត ទោះបីជាមានកិច្ចសន្ទនាជាបន្តបន្ទាប់ក៏ដោយ ក៏កូរ៉េខាងត្បូងទំនងជាមិនទាន់ទុកចិត្តកូរ៉េខាងជើងឡើយ ពីព្រោះដរាបណាទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល នៅតែត្រូវការសហរដ្ឋអាមេរិកជាអ្នកការពារដែលលោក គីម ជុងអ៊ុន ចាត់ទុកថា មេគ្រោះសម្រាប់ការ កាន់តំណែងយូរអង្វែងរបស់លោក៕