(ប៉េកាំង)៖ របាយការណ៍មួយដាក់ជូនសភាប្រជាជនចិន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបង្កើនកញ្ចប់ថវិកាយោធា ៨.១ភាគរយ ក្នុងឆ្នាំ២០១៨នេះ បើធៀបទៅនឹងឆ្នាំ២០១៧ មាន០៧ភាគរយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍ខាងលើ ដែលត្រូវបានអាននៅក្នុងសុន្ទរកថា របស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅចំពោះមុខសភា ចិននឹងបង្កើនកញ្ចប់ថវិកាយោធា ៨.១ភាគរយ សម្រាប់ឆ្នាំ២០១៨ ឬស្មើនឹង១៧៥ពាន់លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧ មានត្រឹមតែ០៧ភាគរយ ឬស្មើ១៥១ពាន់លានដុល្លារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែការបង្កើនកញ្ចប់ថវិកាយោធា នេះគឺនៅតិចជាងសហរដ្ឋអាមេរិកដល់ទៅ០៤ដង ពោលគឺទីក្រុងវ៉ាស៊ីនតោនបានបង្កើនកញ្ចប់ថវិកាយោធា រហូតដល់ទៅ ៦០៣ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កញ្ចប់ថវិកាយោធាចិនហាក់ដូចជា បានកាត់បន្ថយដោយកាលពីឆ្នាំ២០១៦ ចិនបង្កើនកញ្ចប់ថវិកា៧.៦ភាគរយ តែបានកាត់បន្ថយមកនៅត្រឹម០៧ភាគរយក្នុងឆ្នាំ២០១៧ កន្លងទៅ៕