(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសចិននឹងខិតខំដោះស្រាយ បញ្ហាបំពុលបរិស្ថាន ឲ្យកាន់តែស្វាហាប់ថែមទៀត តាមរយៈការកាត់បន្ថយការ បញ្ចេញសារធាតុស្ពាន់ធ័រឌីអុកស៊ីត (Sulfur Dioxide) និងនីដ្រូសែនអុកស៊ីត (Nitrogen Oxide) ឲ្យបានបីភាគរយ និងសម្រេចឲ្យបាននូវការថយចុះជាលំដាប់ នៃកំហាប់សារធាតុបំពុលខ្យល់ ដ៏គ្រោះថ្នាក់សម្រាប់សុខភាព PM2.5 នៅតាមតំបន់សំខាន់ៗ៕

២៖ បេសកជនពិសេសជាប្រវត្តិសាស្ត្រ តំណាងឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ទីបំផុតបានធ្វើដំណើរទៅ ដល់កូរ៉េខាងជើងហើយ នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅសេអ៊ូល) តបតាមការអញ្ជើញពីសំណាក់ លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់ផុតលេខនៃប្រទេសកុម្មុយនិស្តមួយនេះ៕

៣៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី នៅក្នុងទីក្រុងស៊ីដនីនោះឡើយ ដោយសារហេតុផលធំមួយ នោះគឺ«លោកត្រូវរក្សាវត្តមាននៅ ក្នុងប្រទេសដោយមិនអាចអត់បាន»៕

៤៖ វាគ្មានវត្តមានអ្វីទាំងអស់ នៅមុនមហាព្រឹត្តិការណ៍ នៃបន្ទុះប៊ីកប៊ែង (Big Bang) ដ៏មហិមាដែលជាការចាប់កំណើតនៃ ចក្រវាឡទាំងមូល»។ នេះគឺជាសម្តីរបស់អ្នកវិទ្យាសាស្រ្តផ្នែករូបវិទ្យា ដ៏ល្បីរន្ទឺរបស់ចក្រភពអង់គ្លេស គឺលោក ស្ទីវិន ហាកឃីង (Stephen Hawking) ថ្លែងក្នុងឱកាសនៃការផ្តល់បទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ National Geograhpic ទាក់ទិននឹងទឹ្រស្តីរបស់លោក ស្តីពីសំណួរថាតើមានអ្វីបានកើតឡើង នៅមុនពេលចក្រវាឡលេចចេញ ជារូបរាង៕

៥៖ នាវាដឹកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson បានបំពេញដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រជាលើកដំបូង បំផុតមិនធ្លាប់មានពីមុនក្នុងរយៈពេលច្រើនជាងបួនទសវត្សរ៍មកនេះ មកកាន់ប្រទេសវៀតណាម ដែលកំពុងសម្លឹងមើលការ ផ្សាភ្ជាប់ទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីមានទឹកមាត់ប្រៃក្នុងការតទល់ជាមួយចិន៕

៦៖ សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ីជាសាធារណៈថា ជាអ្នកដែលបានចូលរួមក្នុងយុទ្ធនាការសម្លាប់ជនស៊ីវិល ស្លូតត្រង់ នៅក្នុងប្រទេសស៊ីរី ដោយថែមទាំងអះអាងផងដែរថា យន្ដហោះចម្បំាងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើតំបន់ Ghouta ភាគខាងកើតរំលោភលើបទឈប់បាញ់របស់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ៕