(ម៉ូស្គូ)៖ កងអង្គភាពនាវារុស្ស៊ីមួយ កំពុងគ្រប់គ្រងបន្ទាយទ័ពអាកាសនៅលើកោះ ម៉ាតូ (Matua) ស្ថិតនៅលើទីប្រជុំកោះ Kuril ដែលជប៉ុនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើតាមឧត្តមនាវីឯករុស្ស៊ី លោក សឺហ្គៃ អាវ៉ាកយ៉ានស៍ (Sergei Avakyants) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Sergei Avakyants បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាទីលានទ័ពអាកាសមួយ នៅលើកោះ Matua ដែលមានសមត្ថភាព សម្រួលដល់ការដឹកជញ្ជួនតាមយន្ដហោះយោធាធុនស្រាល និង ឧទ្ធម្ភាគចក្រ។ រីឯ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្កើតឡើងសម្រាប់ដំណើរការទីលានយោធាមួយនេះ ដែលកំពុងស្ថិត ក្រោមការគ្រប់គ្រង ដោយកងនាវារុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក»។
លោក Avakyants បន្ថែមថា យោធារុស្ស៊ី និងក្រុមហ៊ុន Russian Geographical Society បានដឹកនាំការសិក្សាស្រាវជ្រាវរួមគ្នា នៅលើកោះ Matua កាលពីខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីលទ្ធភាពឈរជើង នៃកងនាវារុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិកនៅទីនោះ។
គួរបញ្ជាក់ថា ទីប្រជុំកោះ Kuril ត្រូវបានជប៉ុនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ដែលត្រូវបានរុស្ស៊ីគ្រប់គ្រង ក្រោយជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ ហើយជម្លោះទឹកដីនេះ បានក្លាយជាឧបសគ្គរារាំង ដល់ការផ្សះផ្សាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងតូក្យូ ដោយភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញមក ជុំវិញការរំលោភលើដែនអធិបតេយ្យភាព៕