(ញូយ៉ក)៖ «វាគ្មានវត្តមានអ្វីទាំងអស់ នៅមុនមហាព្រឹត្តិការណ៍ នៃបន្ទុះប៊ីកប៊ែង (Big Bang) ដ៏មហិមា ដែលជាការចាប់កំណើតនៃចក្រវាឡទាំងមូល»។ នេះគឺជាសម្តីរបស់អ្នកវិទ្យាសាស្រ្តផ្នែករូបវិទ្យា ដ៏ល្បីរន្ទឺរបស់ចក្រភពអង់គ្លេស គឺលោក ស្ទីវិន ហាកឃីង (Stephen Hawking) ថ្លែងក្នុងឱកាសនៃការផ្តល់បទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ National Geograhpic ទាក់ទិននឹងទឹ្រស្តីរបស់លោក ស្តីពីសំណួរថាតើមានអ្វីបានកើតឡើង នៅមុនពេលចក្រវាឡលេចចេញជារូបរាង។ ដកស្រង់ពី ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ខណៈដែលទ្រឹស្តីដែលត្រូវបានគេស្គាល់ជាទូទៅថា Big Bang ដែលជាដំណាក់កាលនៃអ្វីមួយដ៏សែនតូចមិនគួរឲ្យជឿ បានចាប់ផ្តើមរីកធំឡើង បានផ្តល់កំណើតទៅឲ្យចក្រវាឡ កាលពីរាប់ពាន់លានឆ្នាំមុន និងកំពុងតែបន្តកំណត់ទិសដៅ ឲ្យចក្រវាឡដដែលនោះ អ្វីដែលបានធ្វើឲ្យអ្នកវិទ្យាសាស្រ្តទាំងឡាយ កាន់តែមានក្តីងឿងឆ្ងល់ខ្លាំងបំផុត ទំនងជាសំណួរថា តើអ្វីទៅដែលមានវត្តមាន នៅមុនបាតុភូតនៃបន្ទុះដ៏មហាអស្ចារ្យនេះ។
គួរជម្រាបថា កិច្ចសម្ភាសន៍ខាងលើរបស់លោក Hawking ត្រូវបានធ្វើឡើងជាមួយពិធីករកម្មវិធីលោក Neil deGrasse Tyson ដែលជារូបវិទ្យាមួយរូបដូចគ្នា ឆ្លើយតបទៅនឹងសំនួរ ដែលគ្មាននរណាអាចឆ្លើយបាននៅរាប់ទសវត្សរ៍មកហើយ ដោយឡែកក៏មានសំនួរផ្សេងៗជាច្រើនទៀតដែរ កំពុងតែត្រូវការបកស្រាយឲ្យកាន់តែច្បាស់ ទាក់ទងនឹងអ្វីៗដែលមានក្នុងចក្រវាឡ។
រំលឹកកាលពីឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ លោក Hawking ក៏ធ្លាប់ធ្វើការព្រមានផងដែរ ចំពោះក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូ ដែលបាននិងកំពុងព្យាយាមស្វែងរកជីវិតអេលៀន ព្រោះថា ជីវិតអេលៀននឹងជាជីវិត ដែលមានអរិយធម៌រុងរឿងជាងមនុស្សលោកយើងឆ្ងាយ ហើយបើពួកគេបង្ហាញវត្តមាននៅភពផែនដីយើងមែននោះ យើងក៏មិនដឹងថា តើពួកគេជាអេលៀនល្អ ឬមួយក៏អាក្រក់នោះដែរ។
ពាក្យសម្តីប្រកបដោយតម្លៃ គួរឲ្យគិតពិចារណាបំផុតខាងលើនេះ គឺលោក Hawking ចង់សំដៅអង្គការអវកាសមួយចំនួន ដូចជាអង្គការ NASA ជាដើម ដែលបាន និងកំពុងព្យាយាមបង្ហាញពីអ្វីដែលមនុស្សមាន ឲ្យទៅចក្រវាឡបានឃើញ ឧទាហរណ៍ដូចជាយានផ្ទុកថាសបង្កប់ទិន្នន័យ ដែលបង្ហាញអំពីផែនទីភពផែនដី និងអ្វីៗដែលមនុស្សកំពុងអភិវឌ្ឍន៍ជាដើម ដែលវាពិតជារឿងឆោតល្ងង់ និងបង្កគ្រោះថ្នាក់បំផុត៕