(សេអ៊ូល)៖ បេសកជនពិសេសជាប្រវត្តិសាស្ត្រ តំណាងឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ទីបំផុតបានធ្វើដំណើរទៅដល់កូរ៉េខាងជើងហើយ នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅសេអ៊ូល) តបតាមការអញ្ជើញពីសំណាក់ លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់ផុតលេខ នៃប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន យ៉ុនហាប់ នារសៀលថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
បើតាមការផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA វិញ គឺតំណាងកំពូលរបស់ លោក មូន ជែអ៊ីន បានដល់ទីក្រុងព្យុងយ៉ាង នៅល្ងាចថ្ងៃចន្ទនេះ ដោយធ្វើដំណើរតែរយៈពេលខ្លីប៉ុណ្ណោះ ចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមានសមាជិកសរុប ១០នាក់ ដែលនាំដឹកនាំដោយ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ថ្លែងនៅមុនពេលដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃចន្ទនេះ នាយកការិយាល័យ សន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងប្រាប់កូរ៉េខាងជើងពីបំណងដ៏ស្មោះត្រង់របស់ លោកប្រធានាធិបតី មូន ជែអ៊ីន និងដំណោះស្រាយក្នុងការរក្សាកិច្ចសន្ទនា ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង រវាងកូរ៉េទាំងពីរដែលបានប្រសើរ ដោយសារតែព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីដំណើរការឡើងវិញ នូវកិច្ចសន្ទនាលុបបំបាត់ អាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិករួមទាំងសហគមន៍អន្តរជាតិ»៕