(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅក្នុងទីក្រុងស៊ីដនីនោះឡើយ ដោយសារហេតុផលធំមួយ នោះគឺ «លោកត្រូវរក្សាវត្តមាននៅក្នុងប្រទេស ដោយមិនអាចអត់បាន»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ការសម្រេចចិត្តលុបចោលដំណើរដ៏សំខាន់ របស់ប្រធានាធិបតីហ្វីលីពីនខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ គឺលោក ហារី រ៉ូក (Harry Roque) នៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃ នៅឯវិមានប្រធានាធិបតី លោក ឌូតឺតេ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតីពិតជាមានការសោកស្តាយ ដែលលោកនឹងមិនបានទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី នៅក្នុងខែមីនានេះឡើយ។ ស្ថានការណ៍វិវឌ្ឍន៍នៅក្នុងប្រទេស តម្រូវជាចាំបាច់ឲ្យលោកប្រធានាធិបតី រក្សាវត្តមាននៅក្នុងប្រទេសហ្វីលីពីន»។
អ្នកនាំពាក្យខាងលើនេះ បានសង្កត់ធ្ងន់ថា លោក ឌូតឺតេ នឹងត្រូវចូលរួមនៅក្នុងកិច្ចប្រជុំបណ្ឌិតសភាយោធាហ្វីលីពីន នៅថ្ងៃទី១៨ ខែមីនា ដែលឱកាសខាងមុននេះ ត្រូវបានលោកចាត់ទុកថា ជាពេលវេលាដ៏សំខាន់បំផុត ក្នុងការជួបសំណេះសំណាលជាមួយមន្ត្រីយោធាវ័យក្មេង របស់ប្រទេសដីកោះមួយនេះ។
គួរបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៦ ដល់ទី១៨ ខែមីនា ខាងមុខនេះ រដ្ឋាភិបាលហ្វីលីពីនបានចាត់រដ្ឋមន្ត្រីការបរទេស លោក អាឡាន់ ភីធើ ខាយ៉េតាណូ (Alan Peter Cayetano) ធ្វើជាតំណាងជាន់ខ្ពស់ លោក ឌូតឺតេ ទៅចូលរួមកិច្ចប្រជុំដ៏សំខាន់នោះរួចរាល់ហើយ៕