(ប៉េកាំង)៖ ប្រទេសចិននឹងខិតខំដោះស្រាយ បញ្ហាបំពុលបរិស្ថាន ឲ្យកាន់តែស្វាហាប់ថែមទៀត តាមរយៈការកាត់បន្ថយការបញ្ចេញសារធាតុ ស្ពាន់ធ័រឌីអុកស៊ីត (Sulfur Dioxide) និងនីដ្រូសែនអុកស៊ីត (Nitrogen Oxide) ឲ្យបានបីភាគរយ និងសម្រេចឲ្យបាននូវការថយចុះជាលំដាប់ នៃកំហាប់សារធាតុបំពុលខ្យល់ ដ៏គ្រោះថ្នាក់សម្រាប់សុខភាព PM2.5 នៅតាមតំបន់សំខាន់ៗ ។ នេះបើតាមការប្តេជ្ញារបស់នាយករដ្ឋមន្រ្តីចិន លោក លី ខេជាំង (Li Keqiang) ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងការធ្វើសុន្ទរកថា ស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល នៅឯកិច្ចប្រជុំប្រចាំឆ្នាំ នៃអង្គសភាប្រទេសចិន លោក Li បានលើកឡើងទៀតថា ចិននឹងជំរុញលើកទឹកចិត្ត ដល់ការលើកកម្ពស់វិស័យឧស្សាហកម្មដែកថែប និងឧស្សាហកម្មដទៃទៀត ក្នុងគោលដៅសម្រេចឲ្យបាន នូវការបញ្ចេញសារធាតុពុល ឲ្យស្ថិតនៅកម្រិតដ៏ទាបបំផុត។
ក្រៅពីនេះ លោក Li Keqiang ក៏បានបញ្ជាក់ដែរថា ប្រទេសចិននឹងនៅតែបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងគ្រប់គ្រងបញ្ហាបំពុលទឹកក៏ដូចជាបំពុលដីផងដែរ។ ការប្តេជ្ញារបស់ថ្នាក់ដឹកនាំកំពូលចិននេះ បានកើតមានឡើងបន្ទាប់ពីមួយរយៈចុងក្រោយ ទីក្រុងធំៗមួយចំនួនរបស់ចិន ដែលមានវិស័យឧស្សាហកម្មរីកចំរើនខ្លាំង ដូចជារដ្ឋធានីប៉េកាំង, ទីក្រុងធានជិន និងទីក្រុងសៀងហៃជាដើម ការបំពុលខ្យល់កាន់តែមានសភាពធ្ងន់ធ្ងរ រហូតដល់មានការប្រកាសអាសន្នជាច្រើនលើក ក្នុងមួយឆ្នាំៗ៕