(ញូដេលី)៖ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌា បានឃាត់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន០៤រូប នៃក្រុមហ៊ុនរបស់សេដ្ឋីពាន់លាន ផ្នែកគ្រឿងអលង្កា លោក នីរ៉ាវ ម៉ូឌី (Nirav Modi) និងពូរបស់លោក គឺលោក មែហ៊ុល ចូគី (Mehul Choksi) ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងការក្លែងបន្លំប្រាក់ជាង ១.៨ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីស៊ើបអង្កេតឥណ្ឌានៅថ្ងៃចន្ទនេះ អ្នកទាំងបួននាក់ខាងលើ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយក្នុងចំណោមពួកគេ មាននាយកក្រុមហ៊ុន Gili India របស់លោក Choksi និងប្រធានសវនករម្នាក់។ លើសពីទៅទៀត អ្នកទាំងនេះត្រូវបានគេចោទប្រកាន់ថា បានរៀបចំលិខិតក្លាយផ្ញើទៅកាន់ធនាគារជាតិ ផាន់ចាប់ (Punjab National Bank)។
គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌាបានបើកការស៊ើបអង្កេត លើក្រុមហ៊ុនជាច្រើន ដែលមានជាប់ពាក់ព័ន្ធនឹង លោក Nirav Modi ព្រមទាំងបានរឹបអូសនាឡិកាទំនើប ១០,០០០គ្រឿង និងរថយន្ដ ០៩គ្រឿង កាលពីសប្ដាហ៍មុន ជាផ្នែកមួយនៃការបង្កក ភាគហ៊ុនផ្ទាល់ខ្លួន និងមូលនិធិមួយចំនួនរបស់លោក។ មិនតែប៉ុណ្ណោះ លោក Modi ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានក្លែងបន្លំប្រាក់ជាង ១.៨ពាន់លានដុល្លារ ពីធនាគារ Punjab National Bank៕