(អាមេរិក)៖ នៅពេលមានព័ត៌មានថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ផ្តាច់ការផ្តល់មូលនិធិរដ្ឋាភិបាលដល់ ស្ថានីយអវកាសអន្តរជាតិ ISS នៅឆ្នាំ២០២៥ មតិជំទាស់ជាបន្តបន្ទាប់ បានកើតមានឡើងភ្លាមៗ ចំពោះគោលបំណងនេះតួយ៉ាងព្រឹទ្ធសមាជិកអាមេរិកពីររូប មកពីគណបក្សនយោបាយ ដែលតែងតែប្រឆាំងគ្នា គឺលោក បៀល នែលសុន (Bill Nelson) នៃបក្សប្រជាធិបតេយ្យ និងលោក ធែក គ្រូស (Ted Cruz) នៃបក្សសាធារណរដ្ឋ បានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសំណើនេះ ដែលស្ថិតនៅក្នុងសេចក្តីព្រាងកញ្ចប់ថវិកាឆ្នាំ២០១៩របស់ លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពី Business Insider ដែលត្រូវបានដកស្រង់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។
យ៉ាងណាមិញ អតីតអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាស NASA គឺលោកស្រី សេនឌី ម៉ាកនូស (Sandy Magnus) បានលើកឡើងបែបនេះវិញថា ការបោះជំហានដើរចេញពីស្ថានីយ ISS អាចចាត់ទុកថា ជាសញ្ញាមួយនៃវឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅចម្បង នៃការបញ្ជូនមនុស្សទៅកាន់កន្លែងផ្សេងៗនៅក្នុងប្រព័ន្ធអាទិត្យ។
លោកស្រី Magnus បាននិយាយយ៉ាងដូច្នេះថា តាមរយៈការផ្ទេរសិទ្ធិគ្រប់គ្រង នៃស្ថានីយអវកាសអន្តរជាតិ ទៅឲ្យស្ថាប័នឯកជននោះ អង្គការ NASA នៅតែមានឱកាសបន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅក្នុងគន្លងផែនដីកម្រិតទាប (Low Earth Orbit) ដដែលហើយទន្ទឹមនឹងនោះក៏អាចផ្តោតកិច្ចប្រឹងប្រែងបន្ថែមទៀត ទៅលើការស្រាវជ្រាវ និងរុករកនៅលើឋានព្រះច័ន្ទ និងភពព្រះអង្គារ (Mars) ជាដើមផងដែរ។
គួរជម្រាបថា លោកស្រី Sandy Magnus ធ្លាប់បានស្នាក់នៅលើស្ថានីយអវកាស ISS អស់រយៈពេល ០៤ខែកន្លះ នៅក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩ និងត្រូវបានចាត់ទុកជាអវកាយានិកជើងចាស់ប្រកបដោយបទពិសោធន៍៕