(វ៉ាស៊ីនតោន)៖ ហេតុការណ៍ផ្ទុះអាវុធនៅចំពីមុខរបង ភាគជើងរបស់ទីសំណាក់ប្រធានាធិបតីអាមេរិកគឺ «សេតវិមាន» កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ត្រូវបានបង្កឡើងដោយបុរសម្នាក់ បានទាញកាំភ្លើងចេញមកបាញ់សម្លាប់ខ្លួនឯង ស្របពេលដែលរូបគេ កំពុងឈរនៅក្នុងចំណោមហ្វូងមនុស្សជាង ១០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីស្ថានីយទូរទស្សន៍អាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាមេរិក ជនខាងលើហាក់ដូចជាពុំបានបាញ់ប្រហារសំដៅទៅលើសេតវិមានឡើយ ហើយក៏ពុំមាននរណាម្នាក់ផ្សេងបានទទួលរងរបួសផងដែរ ដោយមានតែការភ័យតក់ស្លុតបន្តិចបន្តួចប៉ុណ្ណោះ។ ម៉្យាងវិញទៀត កម្លាំងការពារសន្តិសុខប្រចាំសេតវិមាន ពុំចាំបាច់ត្រូវប្រើប្រាស់អាវុធរបស់ពួកគេ ដើម្បីធ្វើការបាញ់តបតចំពោះហេតុការណ៍នេះឡើយ។
ប៉ូលិសអាមេរិកបានឲ្យដឹងថា ជនរូបនេះ មានឈ្មោះ ខេមែរ៉ូន រ៉ូស បឺហ្គែស (Cameron Ross Burgess) អាយុ ២៦ឆ្នាំ មកពីទីក្រុង ម៉ាយឡេណេ (Maylene) នៃរដ្ឋ អាឡាបាម៉ា (Alabama) តែពុំបានបញ្ជាក់ឲ្យដឹងពីមូលហេតុណាមួយ នៅពីក្រោយការធ្វើអត្តឃាត នៅចំពីមុខសេតវិមាននេះឡើយ ខណៈលោក Burgess ត្រូវគេរកឃើញថា បានបាត់បង់ជីវិតនៅហ្នឹងកន្លែង ដោយសារស្នាមគ្រាប់កាំភ្លើង បាញ់ចំកណ្តាលក្បាលអមជាមួយកាំភ្លើងនៅក្នុងដៃខាងស្តាំរបស់លោក។
គួរជម្រាបថា នៅពេលកើតហេតុ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងភរិយាលោកស្រី មេឡានៀ (Melania) ពុំមានវត្តមាននៅឯសេតវិមានឡើយ ដោយសារលោកទាំងពីរ បានធ្វើដំណើរទៅកាន់រមណីយដ្ឋាន ម៉ាអេឡាហ្គោ (Mar-a-Lago) របស់លោក ត្រាំ ផ្ទាល់កាលពីថ្ងៃសុក្រសប្តាហ៍៕