(ហាណូយ)៖ នាវាដឹកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson បានបំពេញដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រជាលើកដំបូងបំផុត មិនធ្លាប់ពីមុនក្នុងរយៈពេលច្រើនជាបួនទសវត្សរ៍មកនេះ មកកាន់ប្រទេសវៀតណាម ដែលកំពុងសម្លឹងមើលការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីមានទឹកមាត់ប្រៃក្នុងការតទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
USS Carl Vinson នឹងចូលសំចតនៅថ្ងៃចន្ទនេះ នៅឯកំពង់ផែទីក្រុង ដាណាង (Danang) ហើយដំណើរទស្សនកិច្ចនេះទៀតសោត គឺជាសញ្ញាមួយនៃការរីកចំរើនទំនាក់ទំនងយោធារវាងអតីតគូសត្រូវទាំងពីរ ក្នុងសម័យសង្រ្គាមវៀតណាម។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញអាមេរិកខ្លះ ដូចជាលោក ចន ឃើបាយ (John Kirby) អតីតឧត្ដមនាវីឯកអាមេរិកយល់ថា ដំណើរទស្សនកិច្ចរបស់នាវាដឹក យន្ដហោះចម្បាំងនេះ គឺជាសារមួយផ្ញើទៅកាន់ទីក្រុងប៉េកាំង ដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
«វៀតណាមកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដូច ច្នេះហើយទើបទីក្រុងហាណូយ ចង់ស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដើម្បីបានខ្នងបង្អែកកុំឱ្យចិនធ្វើអ្វីស្រេចតែអំពើចិត្ត»។ នេះបើតាម លោក John Kirby។
គួរបញ្ជាក់ថា បច្ចុប្បន្នចិនត្រូវបានគេមើលឃើញថា កំពុងពង្រីកឥទ្ធិពលយោធាកាន់តែខ្លាំង នៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលវៀតណាម ហ្វីលីពីន តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ី អះអាងថាជាដែនអធិបតេយ្យរៀងៗខ្លួន។ ចំណែកឯក្រុមអ្នកជំនាញ ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែងថា ជម្លោះក្នុងតំបន់ដែនទឹកមួយនេះ អាចនឹងបង្ខំឱ្យសហរដ្ឋអាមេរិក និងចិនប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅថ្ងៃណាមួយ៕