(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ីជាសាធារណៈថា ជាអ្នកដែលបានចូលរួមក្នុងយុទ្ធនាការ សម្លាប់ជនស៊ីវិលស្លូតត្រង់ នៅក្នុងប្រទេសស៊ីរី ដោយថែមទាំងអះអាងផងដែរថា យន្ដហោះចម្បំាងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើតំបន់ Ghouta ភាគខាងកើតរំលោភលើបទឈប់បាញ់របស់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមសេតវិមាន យន្ដហោះចម្បាំងរុស្ស៊ីហោះហើរ ចេញពីមូលដ្ឋានទ័ពអាកាស Humaymim និងបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស យ៉ាងហោចណាស់ ២០លើក នៅតាមជាយក្រុងដាម៉ាស់ និងតំបន់ Ghouta ភាគខាងកើតចន្លោះពីថ្ងៃទី២៤ និងថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃអាទិត្យបានលើកឡើង យ៉ាងដូច្នេះថា «រុស្ស៊ីមិនបានខ្វល់ទាល់តែសោះ ចំពោះបទឈប់បាញ់រយៈពេល ៣០ថ្ងៃ អនុម័តឡើងដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ហើយមិនតែប៉ុណ្ណោះ ពួកគេថែមបានចូលរួមសម្លាប់ជនស៊ីវិលស្លូតត្រង់ស៊ីរី ដោយយកលេសថា ធ្វើប្រតិបត្តិការប្រឆាំងនឹងពួកភេរវករទៅវិញ»។
គួររំលឹកថា សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់ យន្ដហោះចម្បាំងរដ្ឋាភិបាលស៊ីរី ដោយបានផ្ដាច់យកជីវិតមនុស្ស ៣៤នាក់ ក្នុងនោះមានកុមារ ១១នាក់ នៅក្នុងតំបន់ Ghouta ភាគខាងកើត ហើយដែលនេះធ្វើឱ្យចំនួនជនស៊ីវិលស្លាប់កើនដល់ ៦៩០នាក់ គិតចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈ មក៕