(សេអ៊ូល)៖ បេសកជនពិសេសកូរ៉េខាងត្បូង ជំនួសមុខប្រធានាធិបតីលោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូង កំពុងសម្លឹងមើលការបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង យល់ព្រមចាប់ផ្ដើមឡើងវិញ នូវកិច្ចសន្ទនាស្ដីពីការលុបបំបាត់នុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅមុនពេលដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃចន្ទនេះ នាយកការិយាល័យ សន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងប្រាប់កូរ៉េខាងជើងពីបំណងដ៏ស្មោះត្រង់របស់ លោកប្រធានាធិបតី មូន ជែអ៊ីន និងដំណោះស្រាយក្នុងការរក្សាកិច្ចសន្ទនា ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង រវាងកូរ៉េទាំងពីរដែលបានប្រសើរ ដោយសារតែព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីដំណើរការឡើងវិញ នូវកិច្ចសន្ទនាលុបបំបាត់ អាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិករួមទាំងសហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថា លោក Chung Eui-yong នឹងដឹកនាំគណៈប្រតិភូ មានសមាជិក ០៥រូប ក្នុងនោះមានទាំងនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិ លោក Suh Hoon បំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើងនៅម៉ោង ០២៖០០នាទី រសៀលថ្ងៃចន្ទនេះ៕