(ស៊ីរី)៖ ជនស៊ីវិលក្មេងចាស់ប្រុសស្រី យ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩០នាក់ ក្នុងរយៈពេលតែ ១៥ថ្ងៃមកនេះប៉ុណ្ណោះ។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាម លោក រ៉ាមី អាប់ឌែល រ៉ាហ៍ម៉ាន់ (Rami Abdel Rahman) ជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក្នុងចំណោមអ្នកស្លាប់ទាំង ៣៤នាក់ មានកុមារ ១១នាក់ ហើយពួកគេទាំងនេះត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងទីក្រុង ឌួម៉ា (Douma) នៃតំបន់ Ghouta ស្ថិតនៅជាយទីក្រុងដាម៉ាស់។
ដោយឡែក កាលពីថ្ងៃអាទិត្យសេតវិមានក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារនេះ ដោយថែមទាំងជំរុញឱ្យរុស្ស៊ី និងអ៊ីរ៉ង់ ដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងដាម៉ាស់ ឱ្យអនុវត្តតាមបទឈប់បាញ់។ «សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំង ចំពោះការ វាយប្រហារគំាទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ ប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ Ghouta ភាគខាងកើត ហើយដែលនេះគឺ ជាការមិនខ្វាយខ្វល់ទាល់តែសោះ លើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ»។ នេះបើតាមការគូសបញ្ជាក់របស់សេតវិមានអាមេរិក៕
គួរបញ្ជាក់ថា មកទល់ពេលនេះ បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី កងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ បានគ្រប់គ្រង ២៥ភាគរយ នៃតំបន់ស្ថិតនៅជុំវិញតំបន់ Ghouta ភាគខាងកើតស្របពេលមនុស្សប្រមាណ ៣៩៣,០០០នាក់ កំពុងជាប់គាំងនៅក្នុងតំបន់នេះ គិតចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងខ្លាំង កាលពីថ្ងៃ១៨ ខែកុម្ភៈមក៕