(ប៉េកាំង)៖ ប្រទេសចិននឹងមិនអត់ឱនជាដាច់ខាត ចំពោះការសកម្មភាព ឬក៏ការប៉ុនប៉ងទាំងឡាយណា ដែលចង់ឱ្យតៃវ៉ាន់ទទួលឯករាជ្យ ហើយថានឹងការពាររាល់បូរណភាពទឹកដីរបស់ចិន។ នេះបើតាមសុន្ទរកថាត្រៀមទុក សម្រាប់នាយករដ្ឋមន្ត្រី ចិនលោក លី ខេជាំង (Li Keqiang) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមសុន្ទរកថាត្រៀមសម្រាប់លោក Li Keqiang នៅឯការបើកសម័យប្រជុំសភា ប្រចាំឆ្នាំនៅថ្ងៃចន្ទនេះ នាយករដ្ឋ មន្ត្រីចិនរូបនេះនឹងគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងនៅតែប្ដេជ្ញាចិត្តជានិច្ច ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់ចិន ហើយយើងនឹងមិនអត់ឱនឱ្យជាដាច់ខាត ចំពោះសកម្មភាពផ្ដាច់ទឹកដី ឬផែនការ ឬក៏ការប៉ុនប៉ងទាំងឡាយណា ដែលចង់ឱ្យតៃវ៉ាន់ផ្ដាច់ខ្លួនពីចិន»។ តែទោះជាយ៉ាងនេះក្ដី សុន្ទរកថានេះដដែល ក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងនឹងចូលរួមលើកកម្ពស់ការរីកចំរើន នៃទំនាក់ទំនងដោយសន្តិវិធី នៅច្រកសមុទ្រតៃវ៉ាន់ និងជំរុញការឯកភាពជាតិដោយសន្តិវិធី។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលទីក្រុងប៉េកាំងព្រមានបែបនេះ។ លើសពីនេះទៅទៀត ចិនក៏បានក្រើនរំលឹកទីក្រុងតៃប៉ិជាច្រើនដងរួចហើយដែរថា ខ្លួននឹងមិន ស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា វាយយកកោះតៃវ៉ាន់ បើសិនជាហ៊ានប្រកាសឯករាជ្យ៕