(ស៊ីដនី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.០រ៉ិចទ័រ បានវាយប្រហារជាថ្មីនៅចំងាយ ១១១គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង ផរហ្គែរ៉ា (Porgera) នៃប្រទេសដែនកោះប៉ាពួញូហ្គីណេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅម៉ោងប្រមាណជា ០២៖៥៦នាទី ទៀបភ្លឺថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ដោយមានជម្រៅរញ្ជួយ ១០.០គីឡូម៉ែត្រទៅក្នុងដី ហើយភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិត ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែគ្រោះរញ្ជួយដីនេះ កើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើខេត្ត Southern Highlands ដោយផ្ដាច់អាយុជីវិតមនុស្ស ៣១នាក់ ខណៈមនុស្ស ១៥០,០០០នាក់ នៅតែត្រូវការជាចំាបាច់ជំនួយជាបន្ទាន់។
គួរបញ្ជាក់ថា ប៉ាពួញូហ្គីណេ ជារឿយៗតែងតែជួបប្រទះគ្រោះរញ្ជួយដី ដោយសារមានស្ថានដីស្ថិតនៅតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងរងឥទ្ធិពលដោយរញ្ជួដី បន្ទុះភ្នំភ្លើង និងព្យុះសង្ឃរាផងដែរ៕