Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ដូណាល់ ត្រាំ ប្រាប់ គីម ជុងអ៊ុន​៖ បោះចោលអាវុធនុយក្លេអ៊ែរសិន ចាំយើងជួបចរចាគ្នា

04-03-2018 15:35

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងជួបចរចាជាមួយកូរ៉េខាងជើង លុះត្រាតែទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។

ការលើកឡើងបែបនេះរបស់លោក​ ដូណាល់ ត្រាំ ធ្វើឡើងក្នុងឱកាសទទួលទានអាហារពេលល្ងាច ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន យើងកំពុង ចរចា...ចំណែកឯ ពួកគេ (កូរ៉េខាងជើង) បាននិយាយដែរថាយើងចង់ចរចា។ ដូច្នេះខ្ញុំចង់និយាយថា យើងពិតជាចង់ចរចា ប៉ុន្តែអ្នក (កូរ៉េខាងជើង) ត្រូវតែបោះចោលអាវុធនុយក្លេអ៊ែរជាមុនសិន, អ្នកត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយយើង អង្គុយចរចា បើសិនជាអ្វីៗកើតឡើងក្នុងភាពវិជ្ជមាន»។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់ប្រាកដ ឡើយថាលោកត្រាំ ថ្លែងបែបនេះជាការលេងសើច ឬក៏ពិតប្រាកដឬយ៉ាងណានោះទេ។

គួររំលឹកថា កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងមិនជួបចរចាជាមួយសហរដ្ឋអាមេរិក ក្រោមការ កំណត់លក្ខខណ្ឌជាមុនជាដាច់ខាត ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល គ្រោងនឹងដឹកនាំការធ្វើសមយុទ្ធ យោធារួមគ្នានៅដើមខែមេសាក្រោយនេះ៕