Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្គ្រាមពាណិជ្ជកម្ម! ​ប៉េកាំងព្រមានចាត់វិធានការសងសឹក បើសហរដ្ឋអាមេរិកបំផ្លាញផលប្រយោជន៍ចិន

04-03-2018 15:32

(ប៉េកាំង)៖ ទីក្រុងប៉េកាំង នឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ បើសិនជាសហរដ្ឋអាមេរិកបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចចិន ស្របពេលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានគំរោងតម្លើងពន្ធនាំចូលដែក និងអាលុយមីញ៉ូម មកកាន់សហរដ្ឋអាមេរិក។ នេះបើតាមអ្នកនាំពាក្យសភាប្រជាជនចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអាទិត្យនេះ​ អ្នកនាំពាក្យសភាប្រជាជនចិន លោក Zhang Yesui បានលើកឡើង ដូច្នេះថា «ចិនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក នោះទេ...ក៏ប៉ុន្តែបើសិនជាទីក្រុងវ៉ាស៊ីនតោន ធ្វើសកម្ម ភាពណាមួយដែលបំផា្លញដល់ផលប្រយោជន៍សេដ្ឋកិច្ចចិន នោះទីក្រុងប៉េកំាង នឹងមិនឈរឱបដៃមើលឡើយ ហើយយើង នឹងចាត់រាល់វិធានការចាំបាច់ ទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន»

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគំរោងតម្លើងពន្ធនាំចូល ២៥ភាគរយលើដែក និង១០ភាគរយលើអាលុយមីញ៉ូម។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានបង្កឱ្យប្រទេសជាច្រើនមានការមិនពេញចិត្តជាខ្លាំង ហើយក្នុងចំណោមប្រទេសទាំងនោះរួមមាន ចិន សហភាពអឺរ៉ុប កាណាដា ប្រេស៊ីល មិចស៊ីកូ កូរ៉េខាងត្បូង និងតួកគី ជាដើមដែលសុទ្ធសឹងតែពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារនៅក្នុងសហរដ្ឋអាមេរិក៕