លោក ដូណាល់ ត្រាំ អបអរការពង្រឹង អំណាចផ្ដាច់មុខរបស់លោក ស៊ី ជីនពីង, អាមេរិកអាចធ្វើរឿងនេះ នៅថ្ងៃណាមួយ
04-03-2018 12:15
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្ដែងការសាទរដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្រោយគណបក្សកុម្មុយនីស្ដចិន បានប្រកាសពីការលុបបំបាត់អណត្តិប្រធានាធិបតីពីរអណត្តិ ដែលនេះនឹងត្រួសត្រាយផ្លូវឱ្យលោក ស៊ី អាចកាន់អំណាចបានដោយមិនមានពេលកំណត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកគាំទ្រកាលពីសៅរ៍ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «បច្ចុប្បន្ន គាត់ (លោក ស៊ី ជិនពីង) គឺជាប្រធានាធិបតីអស់មួយជីវិត, ប្រធានាធិបតីមួយជីវិត...មើលចុះគាត់ អាចធ្វើវាបាន។ ខ្ញុំគិតថា វាពិតជាអសា្ចរ្យ ហើយយើងអាចនឹងធ្វើដូចគ្នានេះនៅថ្ងៃណាមួយក៏បាន»។ នេះបើតាមសម្រង់សំឡេងរបស់លោកត្រាំ នៅក្នុងជំនួបបិទទ្វារមួយ ដែល CNN ទទួលបាន។
យ៉ាងណាក៏ដោយ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ហាក់ផ្ទុយស្រឡះពីគោលការណ៍លិទ្ធិប្រជាធិបតេយ្យអាមេរិក ដ្បិតជាទម្លាប់សហរដ្ឋអាមេរិក តែងតែរិះគន់ចំពោះមេដឹកនាំកាន់អំណាចយូរ ហើយមិនតែប៉ុណ្ណោះ សេតវិមានកាលពីសប្ដាហ៍មុន ក៏បានបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។
គួររំលឹកថា លោក ស៊ី ជិនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីចិនកាលពីឆ្នាំ២០១២មក ហើយត្រូវផុតអណត្តិនៅត្រឹមឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែកាលពីសប្ដាហ៍មុន គណបក្សកុម្មុយនីស្ដចិន បែរជាប្រកាសពីការលុបបំបាត់អណត្តិប្រធានាធិបតីពីរអណត្តិដែលនេះនឹងត្រួសត្រាយផ្លូវឱ្យលោកស៊ី អាចបន្តកាន់អំណាចបានដោយមិនមានពេលកំណត់៕