(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានតែងតាំងទីប្រឹក្សាសន្តិសុខរបស់លោកពីររូប ជាបេសកជនពិសេស ដែលនឹងត្រូវធ្វើដំណើរទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ ខណៈទីក្រុងព្យុងយ៉ាង ព្រមានថា នឹងចាត់វិធានការឆ្លើយតប បើសិនជា ទីក្រុងវ៉ាស៊ីនតោន ដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។
យោងតាមយ៉ុនហាប់ នាយកទីភ្នាក់ងារស៊ើបការសំងាត់ជាតិ (NIS) លោក Suh Hoon និងនាយកការិយាល័យសន្តិសុខ ជាតិ (NSO) លោក Chung Eui-yong នឹងដឹកនាំប្រតិភូបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីបន្ធូរបន្ថយភាព តានតឹងនៅលើឧបទ្វីបកូរ៉េ ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការរៀបចំកិច្ចសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ បេសកកម្មនេះ ត្រូវបានគេមើលឃើញថា នឹងជួបភាពស្មុគស្មាញដោយសារតែគំរោងធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៅទៀត កូរ៉េខាងជើងក៏បានព្រមានដែរថា ខ្លួននឹងចាត់វិធានការឆ្លើយតប បើសិនជា សមយុទ្ធយោធានេះត្រូវធ្វើឡើងពិតមែន ហើយថា មិនចង់ជួបចរចាជាមួយអាមេរិក ដោយមានលក្ខខណ្ឌជាមុននោះទេ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅដើមខែមេសា ក្រោយនេះ។ ចំណែកឯ ការបំពេញដំណើរទស្សនកិច្ចរបស់បេសកជនពិសេស កូរ៉េខាងត្បូងទាំងពីរនាក់ អាចនឹងត្រូវធ្វើ ឡើងនៅសប្ដាហ៍ក្រោយនេះ៕