(តេហេរ៉ង់)៖ អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Masoud Jazayeri បានបញ្ជាក់ឡើងវិញថា នឹងមិនមានកិច្ចចរចាស្ដីពីកម្មវិធី មីស៊ីលអ៊ីរ៉ង់ ជាដាច់ខាត ដរាបណាបណ្ដាប្រទេសលោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិក មិនព្រមបំផ្លាញអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាមុនទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។
លោក Masoud Jazayeri ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ អ្នកនាំពាក្យរូបនេះ បានលើកឡើងដូច្នេះថា «ការរិះគន់របស់សហរដ្ឋអាមេរិក លើកម្មវិធីមីស៊ីលអ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ពីបរាជ័យរបស់ពួកគេ នៅក្នុងតំបន់...ដូច្នេះលក្ខខណ្ឌសម្រាប់កិច្ចចរចាស្ដីពីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺសហរដ្ឋអាមេរិក និងអឺរ៉ុបត្រូវបំផ្លាញអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់ពួកគេជាមុនសិន»។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមយកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ បើសិនជាពុំមានវិធានការ ទប់ស្កាត់ការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ទីក្រុងតេហេរ៉ង់ទេនោះ។ លើសពីទៅទៀត ជាការអនុវត្តតាមពាក្យសន្យានេះ លោកត្រាំ កាលពីឆ្នាំ២០១៧ ក៏បានបដិសេធផងដែរក្នុងការអះអាងទៅកាន់ សភាអាមេរិកថាអ៊ីរ៉ង់បានអនុវត្តយ៉ាងត្រឹមត្រូវនូវកិច្ចព្រមព្រៀងនេះ៕