(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តធ្វើសង្រ្គាមពាក្យសម្ដីទាក់ទិននឹងការតម្លើងពន្ធនាំចូល ដោយព្រមានថា នឹងតម្លើងពន្ធនាំចូលរថយន្ដពីសហភាពអឺរ៉ុប មកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃសៅរ៍លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសដទៃ បានទាញយកផលប្រយោជន៍ពី សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលលោកហៅថា «ឆ្កួតឡប់ ជាទីបំផុត»។ លោក ត្រាំ បានបញ្ជាក់បន្ថែមដូច្នេះថា៖ «បើសិនជាសហភាពអឺរ៉ុបចង់បង្កើនពន្ធ និងបង្កជាឧបសគ្គដល់ក្រុម ហ៊ុនអាមេរិកកំពុងរកស៊ីនៅទីនោះ យើងនឹងតម្លើពន្ធនាំចូលរថយន្ដរបស់ពួកគេមកកាន់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ការគំរាមតម្លើងពន្ធនាំចូលពីសហភាពអឺរ៉ុបរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រធានពាណិជ្ជកម្មអឺរ៉ុប កំពុងពិចារណាលើការតម្លើងពន្ធនាំចូល ២៥ភាគរយពីសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបនឹង សំណើតម្លើងពន្ធនាំចូល២៥ភាគរយ របស់លោកត្រាំលើការនាំចូលដែក និង១០ភាគរយលើអាលុយមីញ៉ូម៕