(កាប៊ុល)៖ សមាជិកក្រុមសកម្មប្រយុទ្ធសរុប ៣០២នាក់ ត្រូវបានសម្លាប់ដោយប្រតិបត្តិការយ៉ាងក្តៅគគុក នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលវាត្រូវបានចាត់ទុកជាតួលេខមួយខ្ពស់ ប្រចាំដើមឆ្នាំ២០១៨នេះ។ នេះបើតាមការផ្តល់ព័ត៌មាន ពីក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន ដែលស៊ីនហួរដកស្រង់ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍នៃក្រសួងខាងលើនេះឲ្យដឹងថា «ក្រុមសកម្មប្រយុទ្ធសរុប ៣០២នាក់ បានស្លាប់, ១៧៨នាក់រងរបួស និង ២៨នាក់ទៀតត្រូវបានចាប់ខ្លួន នៅក្នុងរយៈពេលតែ ០៧ថ្ងៃប៉ុណ្ណោះ។ ប្រតិបត្តិការនៅទូទាំងប្រទេសនេះ ត្រូវបានចូលរួមដោយកងកម្លាំងយោធារដ្ឋាភិបាល ដែលបានបំពេញប្រតិបត្តិការសរុប ១១១លើក»។
គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន បានប្តេជ្ញាបន្តការបោសសម្អាតក្រុមសកម្មប្រយុទ្ធ នានានៅទូទាំងប្រទេស ដែលបង្កការប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងកាប៊ុល ហើយការប្រកាសបែបនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្នាក់ដឹកនាំក្រុមតាលីបង់ ដែលជាចលនាប្រឆាំងរដ្ឋាភិបាលធំបំផុតនៅអាហ្វហ្គានីស្ថាននោះ បានបង្ហាញចេតនាស្នើសុំកិច្ចចរចា ដើម្បីបញ្ចប់សង្គ្រាមកាលពីដើមសប្តាហ៍នេះ៕