អស់ពីផ្ទុះករណីបាញ់រះនៅទូទាំងអាមេរិក ឥឡូវនេះមានករណីសង្ស័យជួញដូរអាវុធខុសច្បាប់រាប់រយដើម ត្រូវបានរកឃើញ និងចោទប្រកាន់លើមន្ត្រីប៉ូលិស!
03-03-2018 15:43
(កាលីហ្វរញ៉ា)៖ មន្ត្រីប៉ូលិសនៃរដ្ឋកាលីហ្វរញ៉ា ត្រូវបានរងការចោទប្រកាន់នៅថ្ងៃសុក្រសប្តាហ៍នេះ ពីសំណាក់អាជ្ញាធរសហព័ន្ធ ពាក់ព័ន្ធទៅនឹងការលក់អាវុធខុសច្បាប់ប្រមាណជាង ១០០ដើម ខណៈដែលករណីបាញ់ប្រហារកំពុងតែក្តៅគគុក នៅតាមបណ្តារដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញដោយការិយាល័យរដ្ឋអាជ្ញាអាមេរិក នៃសង្កាត់ភាគកណ្តាលរដ្ឋកាលីហ្វរញ៉ា លោក Vasken Kenneth Gourdikian មន្ត្រីប៉ូលិសនៃសង្កាត់ Pasadena អាយុ ៤៨ឆ្នាំ បានចូលខ្លួនមកស្រាយបំភ្លឺ នៅក្នុងអាជ្ញាធរសហព័ន្ធ ស្តីពីការចោទប្រកាន់រឿងលួចលក់អាវុធខុសច្បាប់ នៅថ្ងៃសុក្រសប្តាហ៍នេះ។
លោក Vasken បានរងការចោទប្រកាន់ថា បានធ្វើការលក់អាវុធជាតិផ្ទុះ ដោយគ្មានអាជ្ញាប័ណ្ណ ហើយនឹងធ្វើការចេញសេចក្តីថ្លែងការណ៍ក្លែងក្លាយ ទៅកាន់ការិយាល័យត្រួតពិនិត្យជាតិ អាល់កុល ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) ក៏ដូចជាការលក់កាំភ្លើងខ្លី ដោយមិនមានការចុះបញ្ជីតាមច្បាប់កំណត់។
គួរបញ្ជាក់ថា សរុបពីខែមីនា ឆ្នាំ២០១៧ មកដល់ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីលក់អាវុធខុសច្បាប់ជាង ១០០គ្រឿង ត្រូវបានអាជ្ញាធរសង្ស័យ និងចោទប្រកាន់ចំពោះមន្ត្រីខាងលើនេះ ហើយវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបន្តទៀត៕