(ទ្រីប៉ូលី)៖ ប្រធាននៃបេសកកម្មជំនួយអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ី (UNSMIL) បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា បេសកកម្មជាផ្លូវការ នឹងត្រូវបើកឲ្យដំណើរការឡើងវិញ នៅទីក្រុងប៊ែងហ្គាស៊ី (Benghazi) ភាគខាងកើតប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។
លោក Ghassan Salame ប្រធានក្រុមការងារ UNSMIL បានបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៊ែងហ្គាស៊ី យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំ បើកដំណើរការឡើងវិញនូវការិយាល័យ UN ក្នុងទីក្រុងប៊ែងហ្គាស៊ី ហើយខ្ញុំសូមសន្យាចំពោះអ្នកថា នឹងបន្តផ្សាភ្ជាប់ជាមួយប្រជាជននៅទីនេះ និងតំបន់ បាកា (Barqa) ដែលនៅក្បែរនោះ»។ កិច្ចប្រជុំខាងលើនេះដែរ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីសំណាក់មេដឹកនាំកុលសម្ព័ន្ធប្រមាណជាង ៦០រូប និងមនុស្សវ័យចំណាស់ៗនានា មកពីតំបន់ភាគខាងកើត។
គួរបញ្ជាក់ថា តំបន់បាកាត្រូវបានចាត់ទុក ជាទីតាំងសំខាន់មួយក្នុងការផ្សាភ្ជាប់ផ្នែកប្រវត្តិសាស្ត្រនៃប្រទេសលីប៊ី ដូច្នេះបានជាមេដឹកនាំកុលសម្ព័ន្ធចាស់ៗនៅទីនោះ ទាមទារឲ្យសហគមន៍អន្តរជាតិ ផ្តល់សិទ្ធិស្មើភាពដល់ពួកគេក្នុងការបញ្ចេញមតិ និងអនុវត្តន៍តាមអ្វីដែលជាសំណើ ជៀសវាងការរើសអើង ឬរុករានកន្លែងដែលពួកគេកំពុងគ្រប់គ្រង។ UNSMIL ត្រូវបានដកចេញពីលីប៊ីកាលពីឆ្នាំ២០១៤ ដោយសារបញ្ហាសន្តិសុខប្រែជាអាក្រក់ខ្លាំង៕