(អាមេរិក)៖ ចំពោះមុខភាពតានតឹងជាមួយបណ្តាសម្ព័ន្ធមិត្តធំៗ មានដូចជាប្រទេសកាណាដា ក៏ដូចជាប្រទេសម៉ិចស៊ីកូផងដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកស្វាគមន៍ចំពោះសង្គ្រាមពាណិជ្ជកម្ម ដែលនឹងកើតឡើងជាមួយបណ្តាប្រទេសនានា ជាពិសេសបន្ទាប់ពីការប្រកាសដាក់ចេញផែនការនៃការតម្លើងថ្លៃពន្ធ លើការនាំចូលផលិតផលដែក-អាលុយមីញ៉ូម ពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។
ទោះបីជាទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ចុះ ហើយសម្ព័ន្ធមិត្តធំៗងើបឡើងតវ៉ាដ៏ដោយ ក៏ប្រធានាធិបតីអាមេរិក ហាក់បង្ហាញអំពីការស្វាគមន៍ចំពោះភាពអវិជ្ជមាននេះ ដោយបង្កើតចំណាត់ការរបស់ខ្លួនបន្ថែម និងប្តេជ្ញាបន្តធ្វើការរឹតបន្តឹងនយោបាយពាណិជ្ជកម្ម ឲ្យកាន់តែខ្លាំងក្លាជាងមុនទៀត។ វាបានចាប់ផ្តើមរួចទៅហើយ តាមរយៈការតម្លើងថ្លៃពន្ធនាំចូលដែក-អាលុយមីញ៉ូម ខណៈដែលកាណាដា និងម៉ិចស៊ីកូ ដែលនឹងក្លាយជាជនរងគ្រោះធ្ងន់ធ្ងរលើចំណាត់ការនេះ បានសម្តែងការជំទាស់ និងអំពាវនាវឲ្យអាមេរិក បញ្ចូលប្រទេសទាំងពីរ ទៅក្នុងករណីលើកលែង។
ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិកហាក់មិនបានបង្ហាញសញ្ញាថា នឹងដកថយលើរឿងនេះឡើយ ព្រោះលោក ដូណាល់ ត្រាំ បានសន្យារួចទៅហើយតាំងពីពេលឃោសនាបោះឆ្នោតថា លោកនឹងលើកស្ទួយសង្វាក់ផលិតកម្មក្នុងស្រុក ដោយដោះស្រាយលើបញ្ហាជញ្ជីងពាណិជ្ជកម្មមិនស្មើភាព ព្រមទាំងចាត់ការក្រុមហ៊ុនបរទេសណា ដែលរកស៊ីកេងចំណេញមកលើអាមេរិក ទោះជាមកពីប្រទេសណាក៏ដោយ។
ជុំវិញជំហរដាច់ណាត់របស់អាមេរិកនេះ វេទិកាសេដ្ឋកិច្ចសកលមួយចំនួន ក៏បានធ្វើការរិះគន់ និងអំពាវនាវឲ្យអាមេរិកគិតឡើងវិញផងដែរ ជាពិសេសមហាយក្សចិន បានអំពាវនាវឲ្យប្រទេសទាំងអស់ លះបង់នយោបាយគាំពារនិយម (នយោបាយការពារប្រយោជន៍ខ្លួនឯងជាធំ) នៅក្នុងវិស័យពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកវិភាគមើលឃើញថា កំពុងតែមានចេតនាបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម តាមរយៈការតម្លើងថ្លៃពន្ធនាំចូលផលិតពីបរទេសមួយចំនួន ដែលមានការប្រកួតប្រជែងខ្លាំងជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីធ្វើឲ្យសង្វាក់ផលិតកម្មក្នុងស្រុក ទទួលបានផលចំណេញ៕