(ហ្ស៊ឺណែវ)៖ ប៉ូលិសនៅក្នុង​រដ្ឋធានី ប៊ឺន (Bern) នៃប្រទេសស្វីស បានបង្ខំចិត្តបិទតំបន់ជុំវិញ​ស្ថានីយរថភ្លើង​ដែលកំពុង​តែមមាញឹក បន្ទាប់ពីកង​កម្លាំងបានប្រទះ​ឃើញកញ្ចប់មួយ​ដែលត្រូវបាន​ទុកចោល និងសង្ស័យថា «ជាគ្រាប់បែកបង្កៃនៅក្នុងព្រះវិហារ​មួយ​កន្លែង» នៅក្បែរច្រកចូល​ស្ថានីយ​​រថភ្លើងតែម្តង។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។

ទីធ្លានៃស្ថានីយរថភ្លើងស្ថិតនៅក្នុងប្រជុំជនខាងលើនេះ ត្រូវបានបិទរយៈពេល ០៥ម៉ោង ដោយប៉ូលិសសន្មត់ថា «តំបន់នេះកំពុងរងការគំរាមដោយគ្រាប់បែក»។ ប៉ូលិសបាន​បញ្ចេញកម្លាំង និងឆែកមើល​ទីតាំងសំខាន់ៗ​បន្ថែមទៀតនៅជុំវិញនោះ ហើយក៏បាន​ចាប់ខ្លួនជន​សង្ស័យម្នាក់​ផងដែរ ដើម្បីយកទៅធ្វើ​ការសួរចម្លើយ ហើយបន្ថែម​ពីនេះ​​​​ស្ថានការណ៍​​​នានាក្នុងរដ្ឋធានីប៊ឺន កំពុងតែ​ស្ថិតនៅក្នុង​ភាពតាន​តឹង​​នៅឡើយ។

គួរបញ្ជាក់ថា សម្រាប់ព័ត៌មាន​ចុងក្រោយ ក្រោយហេតុការណ៍​កើតមានឡើងនៅយប់​ថ្ងៃសុក្រ (ម៉ោងនៅទីក្រុងហ្ស៊ឺណែវ) នោះ ប៉ូលិសស្វីស​អាចត្រឹមបញ្ជាក់ថា បុរសដែលត្រូវ​បានចាប់ខ្លួន គឺមាន​អាយុ ២១ឆ្នាំ ជនជាតិ​អាហ្វហ្គានីស្ថាន ដោយសារ​រូបគេម្នាក់នេះ ធ្លាប់បានគម្រាម​បង្កៃគ្រាប់បែក កាលពីរសៀល​ថ្ងៃសុក្រ។ មិនទាន់មានការបញ្ជាក់​នោះឡើយថា កញ្ចប់ដែល​ប៉ូលិសស្វីសរក​ឃើញនោះ ជាគ្រាប់បែក​មែន ឬក៏មិន​មែន៕