(អូតតាវ៉ា)៖ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសបញ្ចេញប្រតិបកម្ម លើកនេះនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានចេញមុខដោយផ្ទាល់តែម្តង តទល់នឹងអ្វីដែលសម្ព័ន្ធមិត្តលេខ ១ របស់ខ្លួនកំពុងតែគ្រោងធ្វើ នោះគឺការបង្កើនពន្ធនាំចូលផលិតដែក-អាលុយមីញ៉ូម ដែលហាក់ដូចជាការសម្លាប់ឧស្សាហកម្មប្រភេទនេះ នៅក្នុងប្រទេសកាណាដា ដូច្នោះឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។
លោក ទ្រូដូ បាននិយាយថា ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាចំណាត់ការដែលមាន «សារៈសំខាន់ និងធ្ងន់ធ្ងរ» ចំពោះសកម្មភាពសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីវ័យក្មេងកាណាដា បានសង្កត់ធ្ងន់ទៀតថា «សហរដ្ឋអាមេរិក ទទួលបានប្រាក់ចំណូល ០២ពាន់លានដុល្លារកាណាដា លើពាណិជ្ជកម្មដែកថែប ជាមួយនឹងកាណាដា ដូច្នេះការបន្ថែមពន្ធទៅលើការនាំចូលដែកទៀតនោះ គឺជារឿងដែលយើងមិនអាចទទួលយកបានជាដាច់ខាត»។
នៅមុនការលើកឡើងរបស់ នាយករដ្ឋមន្ត្រីកាណាដាខាងលើនេះ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានបញ្ចេញប្រតិកម្ម ចំពោះទង្វើសហរដ្ឋអាមេរិកម្តងរួចទៅហើយថា «ក្នុងនាមជាសមាជិកគោល នៃ NORAD (ទីបញ្ជាការការពារដែនអាកាស នៃតំបន់អាមេរិកខាងជើង) និងជាសមាជិកអង្គការ NATO ព្រមទាំងជាអ្នកនាំចូលដែកធំបំផុតទី ១ ទៅក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដានឹងធ្វើការពិនិត្យ ទៅលើការរឹតបន្តឹងនានា ចំពោះការនាំចូលដែក-អាលុយមីញ៉ូម ពីសំណាក់សហរដ្ឋអាមេរិក ព្រោះវាជារឿងដែលមិនអាចទទួលយកបាននោះទេ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បត៍សប្តាហ៍នេះ អំពីការដាក់ចេញនូវវិធានការរឹតបន្តឹង និងតម្លើងពន្ធទៅលើការនាំចូលផលិតផល ដែក-អាលុយមីញ៉ូម ដោយក្នុងនោះវានឹងធ្វើឲ្យប៉ះពាល់ដោយប្រយោលតែម្តង ទៅលើសម្ព័ន្ធជាប់របងជាមួយគ្នា នោះគឺប្រទេសកាណាដា។ ការធ្វើបែបនេះរបស់អាមេរិក គឺស្ថិតនៅក្នុងគោលដៅ ការពារផលប្រយោជន៍ នៃវិស័យឧស្សាហកម្មនៅក្នុងស្រុក ដែលជានយោបាយ លោក ដូណាល់ ត្រាំ តែងតែប្រឹងអនុវត្តន៍លើគ្រប់វិស័យ៕