(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ខណៈពេលដែលបរិយាកាសភពផែនដី កំពុងមានការប្រែប្រួលយ៉ាងខ្លាំងនោះ អង្គការ NASA របស់សហរដ្ឋអាមេរិក បានដឹកនាំការបាញ់បង្ហោះផ្កាយរណបមួយ មានឈ្មោះថា GOES-S ទៅកាន់គន្លងតារាវិថី ដើម្បីធ្វើការសិក្សាបន្ថែមអំពី ភូមិសាស្ត្រ និងអាកាសធាតុនៃភពរបស់យើង៕
២៖ ប្រទេសកាណាដាបានប្រកាសចេញតែម្តងថា ខ្លួនមិនអាចទទួលយកបាននោះឡើយ ចំពោះទង្វើសហរដ្ឋអាមេរិក ដែលបានប្រកាសតម្លើងថ្លៃពន្ធលើការនាំចូលដែក-អាលុយមីញ៉ូម ចូលទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តធំបំផុត របស់ខ្លួនមួយនេះ៕
៣៖ អាជា្ញធរបង់ក្លាដែស បានប្រាប់ឱ្យភាគីមីយ៉ាន់ម៉ា ដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់កំពុងជ្រោកកោន៕
៤៖ កូរ៉េខាងជើងបានចេញមុខច្រានចោល និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងព្យុងយ៉ាងបានចូលរួមចំណែកក្នុងការផលិតអាវុធគីមី នៅក្នុងប្រទេសស៊ីរី។ បើតាមទីក្រុងព្យុងយ៉ាង នេះគ្រាន់តែលេសដែលទីក្រុងវ៉ាស៊ីនតោន ប្រើដើម្បីឈ្លានពានកូរ៉េខាងជើង ដូចដែលខ្លួនធ្លាប់បានធ្វើលើអ៊ីរ៉ាក់៕
៥៖ វីរុសមរណៈមួយប្រភេទនៅក្នុង អយស្ទឺរ (Oyster) ឬគេស្គាល់ថា Pacific Oyster Mortality Syndrome (POMS) ត្រូវបានគេរកឃើញជាលើកដំបូង នៅភាគខាងត្បូងប្រទេសអូស្រ្ដាលី ដែលវាពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដល់អាយុជីវិតមនុស្សដែលបរិភោគ៕
៦៖ ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបិទបញ្ចប់ការធ្វើតេស្ដសាកល្បង វិធានការរឹតបន្តឹងរបស់ខ្លួន នៅក្នុងប្រទេសចំនួន ០៦ហើយ ដែលក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ៕