(ញូដេលី)៖ កងកម្លាំងទ័ពអាកាសឥណ្ឌា បានច្រានចោលព័ត៌មានដែលចុះផ្សាយថា ទីក្រុងញូដេលីបានបញ្ជាទិញយន្ដហោះ ចម្បាំងអាមេរិកម៉ាក F-35A ពីក្រុមហ៊ុនអាមេរិក Lockheed Martin។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៥ ខែកុម្ភៈ សារព័ត៌មានឥណ្ឌា Business Standard បានចុះផ្សាយថា កងកម្លាំងទ័ពអាកាសឥណ្ឌា បានដាក់សំណើជាផ្លូវការ ដើម្បីបញ្ជាទិញយន្ដហោះចម្បាំងអាមេរិកធុន F-35A ជាង ១២៦គ្រឿង ពីក្រុមហ៊ុន Lockheed Martin ក៏ប៉ុន្តែព័ត៌មាននេះ ត្រូវបានកងកម្លាំងទ័ពអាកាសឥណ្ឌាបដិសេធ។ «យើងមិនបានស្នើជាផ្លូវការ ឬការដាក់សំណើណាមួយ ដើម្បីបញ្ជាទិញយន្ដហោះ F-35A ពីសហរដ្ឋអាមេរិកនោះឡើយ»។ នេះបើតាមការអះអាងរបស់មេញ្ជាការទ័ពអាកាសឥណ្ឌា លោក Birender Singh Dhanoa។
គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាកំពុងធ្វើការអភិវឌ្ឍយ៉ាងខ្លាំង លើវិស័យយោធារបស់ខ្លួន តាមរយៈការផលិត និងការធ្វើតេស្ដបរិក្ខាយោធាជាបន្តបន្ទាប់ ជាពិសេសគីមីស៊ីលតែម្ដង។ មួយវិញទៀត ទីក្រុងញូដេលីក៏មានបំណងផងដែរ ក្នុងការកាត់បន្ថយការ ទិញបរិក្ខាយោធាពីបរទេស សំដៅបង្កើនការងារនៅក្នុងស្រុក រួមទាំងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដោយបច្ចេកវិទ្យាផ្ទាល់ខ្លួន៕