(វ៉ាស៊ីនតោន)៖ ខណៈពេលដែលបរិយាកាសភពផែនដី កំពុងមានការប្រែប្រួលយ៉ាងខ្លាំងនោះ អង្គការ NASA របស់សហរដ្ឋអាមេរិក បានដឹកនាំការបាញ់បង្ហោះផ្កាយរណបមួយ មានឈ្មោះថា GOES-S ទៅកាន់គន្លងតារាវិថី ដើម្បីធ្វើការសិក្សាបន្ថែមអំពីភូមិសាស្ត្រ និងអាកាសធាតុ នៃភពរបស់យើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
ផ្កាយរណបខាងលើនេះ ត្រូវបានរុញច្រានទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែត Atlas V របស់អង្គការ ULA (United Launch Alliance) នៅឯស្ថានីយទ័ពអាកាស Cap Canaveral នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៥៖០២នាទីល្ងាច ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយផ្កាយរណប GOES-S មួយគ្រឿងនេះ នឹងត្រូវផ្តល់តួនាទីដល់រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិអាមេរិកគ្រប់គ្រង។
សម្រាប់ GOES-S ឬឈ្មោះពេញហៅថា Geostationary Operational Environmental Satellite ត្រូវបានរុញច្រានដល់គន្លងតារាវិថី នៃភពផែនដីកាលពីវេលាម៉ោង ៨៖៣១នាទីយប់ថ្ងៃដដែល ហើយបន្តបន្ទាប់ទៀត វាចាប់ផ្តើមធ្វើការពង្រីកប្រព័ន្ធស្រូបថាមពលពីព្រះអាទិត្យ (ផ្ទាំងសូឡា) ដើម្បីចាប់ផ្តើមដំណើការម៉ាស៊ីនតែម្តង។
គួរបញ្ជាក់ថា ផ្កាយរណបខាងលើនេះ គឺត្រូវប្រើប្រាស់ដើម្បីប្រយោជន៍ធំរបស់អាមេរិកប៉ុណ្ណោះ ដោយវានឹងធ្វើការអង្កេត និងផ្តល់រូបភាពនៃព្យុះកំណាចនានា ដែលវាយប្រហារលើសហរដ្ឋអាមេរិក។ បន្ថែមពីនេះវានឹងធ្វើការសិក្សា និងព្យាករណ៍បរិយាកាស ដែលមានដូចជា ព្យុះកំណាច ការព្រមានទុកមុខ ការកំណត់ពេលវេលា ផ្គរ-រន្ទះ និងការព្យាករណ៍អាកាសធាតុជារួម ក្នុងរយៈពេលយូរ។
ចំពោះផ្កាយរណប GOES-S នេះដែរ គឺមានលក្ខណៈពិសេសត្រង់វាមិនចល័តទៅណានោះឡើយ ដោយវានឹងរក្សាគន្លងរបស់វា នៅពីលើដែនដីអាមេរិក ដើម្បីបំពេញតួនាទីទៅតាមការកំណត់។ ដោយឡែក ULA វិញ គឺអង្គការ ឬក្រុមហ៊ុនមួយ ដែលមានបទពិសោធន៍ខ្ពស់បំផុត នៅក្នុងបេសកកម្មបាញ់បង្ហោះអវកាស ដោយមានភាគរយទទួលជោគជ័យរហូតដល់ ១០០% ឯណោះនៅសហរដ្ឋអាមេរិក៕