(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុរសជនជាតិនីហ្សេរីយ៉ា២នាក់ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នសិន រង់ចាំបន្តនីតិវិធីនាពេលក្រោយ ពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀនជាង២គីឡូក្រាម។ នេះបើយោងតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ នៅរសៀលថ្ងៃទី២ ខែមីនានេះ។
ជនត្រូវចោទទាំង៤នាក់ត្រូវបានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅ៤គោលដៅផ្សេងៗគ្នា៖
-គោលដៅទី១ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
-គោលដៅទី២ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
-គោលដៅទី៣ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-គោលដៅទី៤ នៅចំណុចហាង Big I.Z.Y តាមបណ្តោយផ្លូវលេខ ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១,៩៨៨.៩៥ក្រាម និងទូរស័ព្ទដៃ ចំនួន ៤គ្រឿង៕